បរទេស ៖ កាលពីថ្ងៃអង្គារម្សិលមិញនេះ មន្ទីរប៉ង់តាហ្គោនអាមេរិក បានបញ្ជាក់ថា កងទ័ពសហរដ្ឋអាមេរិក នៅអាហ្វហ្គានីស្ថាននិងអ៊ីរ៉ាក់ ពិតជាមានផែនការ ដើម្បីកាត់បន្ថយមកនៅត្រឹម ២៥០០ នាក់ប៉ុណ្ណោះនៅពាក់កណ្តាល ខែមករាឆ្នាំ ២០២១ខាងមុខនេះ ។
រដ្ឋមន្រ្តីក្រសួងការពារជាតិ បណ្តោះអាសន្នលោក Christopher Miller ដែលបានថ្លែង នៅឯសន្និសីទកាសែតមួយ នៅមន្ទីរប៉ង់តាហ្គោនបាននិយាយថា នៅថ្ងៃទី ១៥ ខែមករាឆ្នាំ ២០២១ចំនួននៃកម្លាំងទ័ពរបស់យើង នៅអាហ្វហ្គានីស្ថាន នឹងមានចំនួនមកត្រឹមតែ ២៥០០ នាក់ ហើយកម្លាំងរបស់យើងនៅអ៊ីរ៉ាក់ នឹងមានចំនួន ២៥០០ នាក់នៅកាលបរិច្ឆេទដូចគ្នា។
លោក Miller បានកត់សម្គាល់ថា ផែនការកំណត់ទីតាំងកងកម្លាំង ដែលបញ្ជាដោយប្រធានាធិបតី Donald Trump គឺ ស្របនឹងផែនការដែលបាន
បង្កើតឡើងនិងជាគោលដៅយុទ្ធសាស្ត្ររបស់យើង ។
បច្ចុប្បន្ននេះមានកងទ័ព សហរដ្ឋអាមេរិកប្រមាណ ៤ ៥០០ នាក់នៅអាហ្វហ្គានីស្ថាន និងកងទ័ព ៣ ០០០ នាក់នៅអ៊ីរ៉ាក់ ដើម្បីគាំទ្រដល់កងកម្លាំងអ៊ីរ៉ាក់ ក្នុងការប្រយុទ្ធប្រឆាំង នឹងសំណល់នៃសកម្មជនរដ្ឋអ៊ីស្លាម ហើយភាគច្រើនសម្រាប់គោល បំណងបណ្តុះបណ្តាល និងប្រឹក្សាយោបល់ប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី