ភ្នំពេញ៖លោក វ៉ាត់ ចំរើន អគ្គលេខាធិការញណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា SEA GAMES 2023 បានមានប្រសាសន៍ថា គិតត្រឹមពេលនេះកម្ពុជានៅសល់ពេលតែជាង២ឆ្នាំទៀតប៉ុណ្ណោះដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡា SEA GAMES 2023 ចំណែកបញ្ហាដែលសំខាន់របស់ SEA GAMES មិនមែនការប្រកួតមួយមុខនោះទេ គឺកម្មពិធីបើក និងបិទមានសារសំខាន់ជាង។
លោកបានបន្តថា ពិធីនេះនឹងបង្ហាញពីសក្ដានុពល វប្បធម៌ជាតិ សេដ្ឋកិច្ចជាតិ ទេសចរណ៍ជាដើម និងជាកំណត់ត្រាប្រវត្តិសាស្ត្ររបស់កម្ពុជាទៀតផង ដូច្នេះហើយត្រូវចាប់ផ្ដើមធ្វើពីឥឡូវនេះទៅ។ រដ្ឋាភិបាលចិនបានបង្ហាញដល់កម្ពុជាពីក្រុមហ៊ុន ដ៏ធំមួយរបស់ចិនដែលមានបទពិសោធន៍រៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក និងព្រឹត្តិការណ៍ កីឡាធំៗនៅប្រទេសចិន ពិសេសអ្នកផលិតកម្មវិធីបើក និងបិទដ៏មានឥទ្ធិពល ដើម្បីជួយដលើកម្ពុជាសម្រាប់ SEA GAMES 2023។
ពេលនេះទោះបីកូវីដ ១៩នៅបន្តយារយីពិភពលោកក៏ពិតមែនតែកម្ពុជានឹងរៀបចំនូវព្រឹត្តិការណ៍ SEA GAMES 2023 នេះឲ្យបានល្អ ហើយថ្នាក់ដឹកនាំកីឡាកំពូលៗនៅកម្ពុជាកំពុងរៀបចំផែនការ និងយុទ្ធសាស្ត្រជាច្រើនក្នុងការរៀបចំព្រឹត្តិការណ៍កីឡា SEA GAMES 2023 កម្ពុជាទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះ ឲ្យទទួលបានផ្លែផ្កាល្អជាទីគាប់ចិត្ត។
ទោះជាយ៉ាងណាក៏ដោយសម្រាប់ផែនការឆ្ពោះទៅ SEA GAMES 2023 ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចជាគោលការណ៍តាំងពីឆ្នាំ២០១៦នោះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)បានរៀបចំផែនការអនុវត្តចំនួន៤ដំណាក់កាលខណៈដែលក្រុមមន្ត្រីដឹកនាំជាន់ខ្ពស់ និងមន្ត្រីជំនាញកីឡាបានសម្រេចដាក់គោលដៅគឺក្នុងឋានៈជាប្រទេសម្ចាស់ផ្ទះយ៉ាងហោចណាស់ក៏ដណ្តើមបានមេដាយមាសយ៉ាងតិចបំផុតឲ្យបាន៣០ភាគរយនៃវិញ្ញាសាទាំងអស់ក្នុងកម្មវិធីប្រកួតដែរ។
លោក វ៉ាត់ ចំរើន បានបន្ថែមថា ដំបូងយើងត្រូវដឹងពីកាលបរិច្ឆេទ ២១ វិច្ឆិកា ឆ្នាំ២០២១ ពិធីបើកផ្លូវការប្រកួត ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ ថ្ងៃបិទ នៅថ្ងៃទី ២ខែ ធ្នូ ឆ្នាំ២០២១ដែលធ្វើនៅទីក្រុងហាណូយប្រទេសវៀតណាម។ ថ្ងៃទី២ ធ្នូ នេះកម្ពុជានឹងទទួលទង់សម្រាប់ធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាមនេះការស្នាក់នៅរបស់អត្តពលិកនៅសណ្ឋាគារ មិនស្នាក់នៅភូមិកីឡាទេ។ថ្ងៃទី២១ ខែកុម្ភៈ ២០២១ នឹងត្រូវចុះឈ្មោះ, ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ចាប់ផ្តើមការចុះបញ្ជីអត្តសញ្ញាណ គឺការផ្តល់ប័ណ្ណសម្គាល់ខ្លួនជាផ្លូវការហើយត្រូវជ្រើសរើសកីឡាករឲ្យហើយអស់និងបញ្ចូលឈ្មោះក្នុងប្រព័ន្ធ ហើយថ្ងៃទី២១ ខែតុលា ២០២១ បិទការចុះឈ្មោះអនឡាញ មុនការប្រកួត ១ខែ។ ឯកឧត្តមស្នើឲ្យសហព័ន្ធសំខាន់ជាងគេ កីឡាករ កីឡាការិនី ក្រៅប្រទេស សហព័ន្ធកីឡាជាតិនីមួយត្រូវផ្តល់ព័ត៌មានដ៏មានសារៈសំខាន់នេះជូនដល់ពួកគាត់។
សម្រាប់កម្ពុជាគឺមាន៨ប្រភេទកីឡាដែលមានសក្តានុពលក្នុងការឈានទៅដណ្តើមមេដាយ ដែលមានដូចជាតេក្វាន់ដូ, ប៉េតង់, គុនខ្មែរ, វាយកូនបាល់, ប្រដាល់សកល, វ៉ូវីណាម, សីដក់ និងចំបាប់ ។
ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក ថោង ខុន បានមានប្រសាសន៍ថា ក្នុងថានៈជាម្ចាស់ផ្ទះរៀបចំប្រកួតគឺយើងត្រូវមានប្រៀបខ្ពស់ក្នុងការជ្រើសយកប្រភេទកីឡាណាដែលយើងមានសក្តានុពលជាងគេដើម្បីឈ្នះមេដាយព្រោះច្បាប់នៅក្នុងការជ្រើសរើសប្រភេទកីឡាសម្រាប់ដាក់ក្នុងស៊ីហ្គេមកំណត់ថា ក្នុងចំនួនប្រភេទកីឡាថ្នាក់តំបន់ ឬកម្រិតទ្វីបចំនួន៣៧ គឺយ៉ាងហោចណាស់យើងត្រូវជ្រើសរើសឲ្យបាន១៤ប្រភេទហើយក្នុងប្រភេទកីឡាអូឡាំពិកចំនួន១៦ យ៉ាងហោចណាស់ក៏ត្រូវជ្រើសឲ្យបាន ៨ប្រភេទដែរ ខណៈដែលកីឡាអត្តពលកម្ម និងហែលទឹកជាអាទិភាពដំបូងបំផុតដែលជ្រើសយកដោយខានមិនបាន។
តាមការវាយតម្លៃសន្និដ្ឋានរបស់គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣(CAMSOC) កត្តាជោគជ័យទៅបានគឺត្រូវមានការចូលរួមគ្រប់ភាគីពាក់ព័ន្ធមានប្រជាពលរដ្ឋ សិស្ស កម្លាំងប្រដាប់អាវុធអង្គភាពកីឡាអ្នកជំនាញនិងត្រូវមាននូវឧបករណ៍សម្ភារហេដ្ឋារចនាសម្ព័ន្ធកីឡាគ្រប់គ្រាន់តាមស្តង់ដាបច្ចេកទេស និងថវិកាទ្រទ្រង់សកម្មភាព តម្លាភាព គណនេយ្យភាព សុចរិតភាព ដើម្បីក្លាយខ្លួនក្លាយជាឧស្សាហកម្មកីឡា។
សម្រាប់ការប្រកួតកីឡា SEA GAMES 2023 ដ៏ធំនៅប្រទេសកម្ពុជានាពេលខាងមុខនេះគឺតាមការព្យាករណ៍ និងតាមគម្រោងរបស់គណៈកម្មការរៀបចំនឹងមានអ្នកចូលរួមប្រមាណ ១០ ម៉ឺននាក់ ក្នុងនោះអត្តពលិកជាង ៧០០០នាក់ រួមជាមួយមន្ត្រីអមប្រតិភូ ភ្ញៀវ អង្គការកីឡាអន្តរជាតិនានាប្រមាណ ៣០០០នាក់ទៀត៕