បរទេស ៖ សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បាននិយាយថា ពួកគេនឹងធ្វើការណែនាំចេញច្បាប់ ស្វះស្វែងបញ្ឈប់កិច្ចប្រឹងប្រែង របស់រដ្ឋបាលលោក ត្រាំ ក្នុងការលក់កូនដ្រូន និងប្រព័ន្ធអាវុធផ្សេងទៀត មានទំហំទឹកប្រាក់ជាង ២៣ពាន់លានដុល្លារ ឲ្យទៅសហភាពអារ៉ាប់រួម។
សមាជិកព្រឹទ្ធសភា មកពីបក្សលទ្ធិប្រជាធិបតេយ្យ លោក Bob Menendez និងលោក Chris Murphy និងសមាជិកព្រឹទ្ធសភា មកពីបក្សសាធារណរដ្ឋ គឺលោក Rand Paul នឹងណែនាំចេញ សេចក្តីសម្រេចផ្សេងគ្នា ចំនួន៤បង្ហាញ ការមិនពេញចិត្ត ចំពោះគម្រោងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការលក់កូនដ្រូន Reaper យន្តហោះចម្បាំង F-35 មីស៊ីលវាយប្រហារពីអាកាសទៅអាកាស និងគ្រាប់អាវុធផ្សេងទៀត មានទំហំទឹកប្រាក់ជាង២៣ពាន់លានដុល្លារ ឲ្យដល់សហភាព អារ៉ាប់រួម ។
គួរបញ្ជាក់ថា ការលក់អាវុធទ្រង់ទ្រាយធំនេះ អាចនឹងធ្វើឲ្យមានការផ្លាស់ប្តូរតុល្យភាព អំណាចនៅក្នុងតំបន់មជ្ឈិមបូព៌ា ហើយសមាជិកសភាអាមេរិក នាពេលថ្មីៗនេះ បង្ហាញការមិនពេញចិត្ត ចំពោះការប៉ុនប៉ង របស់រដ្ឋបាលលោក ត្រាំ ដែលធ្វើឡើងយ៉ាង ប្រញាប់ប្រញាល់ ដោយបានបញ្ជូនសេចក្តីជូនដំណឹងផ្លូវការ ឲ្យដល់សភា កាលពីសប្ដាហ៍មុន៕
ប្រែសម្រួល៖ប៉ាង កុង