កីឡា

អ្នកជំនាញកីឡាការ៉ាតេ អន្តរជាតិ២រូប ហ្វឹកហាត់ អត្តពលិកកម្ពុជាត្រៀមដណ្តើម មេដាយSEA GAMES 2021-23

 ភ្នំពេញ៖លោក វ៉ាត់ ចំរើន អគ្គលេខាធិការរបស់សហព័ន្ធកីឡាការ៉ាតេដូកម្ពុជាបាន មានប្រសាសន៍ថា នាពេលសហព័ន្ធបានទទួលអ្នកជំនាញកីឡា ការ៉ាតេអន្តរជាតិ២រូបដែលជាគ្រូបង្វឹកមានសមត្ថភាពខ្ពស់ នៅក្នុងពិភពលោកដើម្បីរកហ្វឹកហាត់កីឡាករ-កីឡាការិនីក្នុងការដណ្តើម មេដាយជូនជាតិសម្រាប់ SEA GAMES 2021-23។

លោកអគ្គលេខាធិការបានឲ្យដឹងថា លោកអគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្ន ជាប្រធានសហព័ន្ធរកបានគ្រូបង្វឹក២រូបដែលមួយរូបជាជនជាតិអ៊ីរ៉ង់ និងមួយរូបទៀតជាជនជាតិជប៉ុន ហើយពេលនេះពួកគេបាន មកដល់កម្ពុជាព្រមទាំងបានដំណើរការហ្វឹកហាត់ហើយ។ ការហ្វឹកហាត់ពេលនេះគឺហាត់ជាមួយគ្រូជនជាតិអ៊ីរ៉ង់ចំពោះគ្រូជប៉ុនកំពុងតែស្ថិតនៅក្នុងការត្រួតពិនិត្យមេរោគCOVID-19 ចំនួន១៤ថ្ងៃសិន ។

លោកបានបន្តថា លោក Hassan ជាជនជាតិអ៊ីរ៉ង់ និង លោក Toyama ជាជនជាតិជប៉ុននឹងបង្ហាត់នៅកម្ពុជារហូតដល់ចប់ការប្រកួតកីឡាSEA GAMES 23ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ សម្រាប់ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នាឆ្នាំ២០២១ប្រព្រឹត្តនៅទីក្រុងហាណូយប្រទេសវៀតណាមនោះ គ្រូបង្វឹកទាំង២រូបនេះនៅមិនទាន់ហ៊ានធានាថា រកបានមេដាយនោះទេ ព្រោះគ្រូទាំង២រូបនេះត្រូវពិនិត្យមើលពីសមត្ថភាពកីឡាករ-កីឡាការិនីកម្ពុជាទាំងកម្លាំងកាយទាំងបច្ចេកទេសសិន ។

កីឡាករ-កីឡាការិនីការ៉ាតេកម្ពុជាមានកម្លាំងកាយមិនគ្រប់គ្រាន់ឡើយ នោះការហ្វឹកហាត់បច្ចេកទេសពិតជាលំបាក ហើយពេលនេះពួកគាត់ត្រូវការរយៈពេល៦ខែដើម្បីត្រួតពិនិត្យមើលកម្លាំងរបស់អត្តពលិក បន្ទាប់ពីនោះគាត់ត្រូវឲ្យពួកគេហាត់កម្លាំង រួមជាមួយបច្ចេកទេសហេតុនេះពេលវេលាចាប់ផ្ដើម គឺមិនតិចជាងមួយឆ្នាំនោះទេ ។

លោក វ៉ាត់ ចំរើនបានបញ្ជាក់ទៀតថា គ្រូបង្វឹករូបនេះមានការតឹងតែងណាស់ដែលដំបូងបំផុតគឺបញ្ហាវិន័យព្រោះកីឡាករកីឡាការិនីបើគ្មានវិន័យមិនអាចធ្វើអ្វីបានឡើយ។ ចង់បានមេដាយត្រូវតែមានវិន័យគឺវិន័យទាំងការហ្វឹកហាត់ព្រមទាំងគោរពពេលវេលាដោយមិនអាចរកលេសនេះ ឬលេសនោះមកដើម្បីគេចវេសពីការហ្វឹកហាត់បានឡើយ ។

 ជាមួយនឹងការទាមទារឲ្យមានវិន័យនោះគ្រូបង្វឹកទាំង២រូបនេះក៏គិតគូរខ្លាំងទៅលើអាហារូបត្ថម្ភ ហើយលោកលើកហេតុផលថា បើកីឡាករ-កីឡាការិនីបញ្ចេញកាឡូរីហ្វឹកហាត់ប៉ុណ្ណាគេត្រូវតែបញ្ចូលកាឡូរីទៅវិញប៉ុណ្ណោះដែរ ។ ជារៀងរាល់ថ្ងៃក្រៅពីអាហារសម្រាប់ស្ដង់ដារកីឡានោះគេត្រូវការផ្លែចេក ទឹកដោះគោ និងស៊ុតបន្ថែមទៀត៕ដោយ៖លី ភីលីព

Most Popular

To Top