អង់គ្លេស៖ ការសិក្សាថ្មីមួយ បានអះអាងថា ស្រ្តីដែលមានជំងឺស្ត្រេស អំឡុងពេលមានផ្ទៃពោះ អាចជះឥទ្ធិពលយ៉ាងខ្លាំងបំផុត ដល់ការវិវត្ត នៃខួរក្បាលរបស់ទារក ហើយវាក៏អាចនាំឲ្យ កូនមានបញ្ហាផ្លូវចិត្តផងដែរ នៅពេលវាធំឡើង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
អ្នកស្រាវជ្រាវអង់គ្លេស បាននិយាយថា ផ្សារភ្ជាប់កម្រិតខ្ពស់នៃអរម៉ូន Cortisol ស្ត្រេសចំពោះម្តាយ ជាមួយនឹងការផ្លាស់ប្តូរ រចនាសម្ព័ន្ធក្នុង Amygdala ដែលជាចង្កោមរាងដូចអាល់ម៉ុន ស្ថិតនៅផ្នែកម្ខាង នៃខួរក្បាលទារកទើបនឹងកើត។
Cortisol ចូលរួមក្នុងការឆ្លើយតប របស់រាងកាយទៅនឹងស្ត្រេស ដែលមានកម្រិតខ្ពស់ បង្ហាញពីស្ត្រេសខ្ពស់ ហើយក៏ដើរតួក្នុងការលូតលាស់ របស់គភ៌ផងដែរ។ ខណៈពេល Amygdala មាន២នៅអឌ្ឍគោលនីមួយៗ នៃខួរក្បាល ត្រូវបានគេដឹងថា ពាក់ព័ន្ធនឹងការអភិវឌ្ឍអារម្មណ៍ និងសង្គមក្នុងវ័យកុមារភាព។
អ្នកនិពន្ធការសិក្សាអំពាវនាវ ឲ្យមានការគាំទ្របន្ថែម សម្រាប់ស្ត្រីមានផ្ទៃពោះ ដើម្បីការពារភាពមិនប្រក្រតី នៃរចនាសម្ព័ន្ធ Amygdala ។ លោកសាស្រ្តាចារ្យ James Boardman នៃសាកលវិទ្យាល័យ Edinburgh បាននិយាយថា Amygdala គឺជារចនាសម្ព័ន្ធខួរក្បាល ដែលមានកោសិកាសរសៃប្រសាទ ត្រូវបានរៀបចំយ៉ាងខ្ពស់ពួកគេ ធ្វើការជាមួយគ្នា ដើម្បីដំណើរការព័ត៌មាន អំពីស្ថានភាពសង្គម និងអារម្មណ៍នៅក្នុងទារក៕