បរទេស៖ កងទ័ពជើងអាកាសសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ នាពេលថ្មីៗនេះ បានប្រកាសថា យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ B-1B បានធ្វើការបង្ហាញមួយ ដោយតេស្តសាកល្បង អំពីសមត្ថភាពរបស់វា ក្នុងការបំពាក់ពីខាងក្រៅ នូវអាវុធមានល្បឿន វាយប្រហារលឿនជាងសម្លេង។
តាមការឲ្យដឹង ពីកងទ័ពជើងអាកាសសហរដ្ឋអាមេរិក ការធ្វើតេស្តសាកល្បង បំពាក់អាវុធនៅខាងក្រៅនោះ គឺត្រូវបានធ្វើឡើង កាលពីសប្ដាហ៍មុន ដោយកងតេស្ត ការហោះហើរលេខ៤១៩ នៅមូលដ្ឋានកងទ័ពជើងអាកាស Edwards ក្នុងរដ្ឋកាលីហ្វូញ៉ា។ យន្តហោះ B-1B បានបំពាក់មីស៊ីល វាយប្រហារពីអាកាសទៅដី នៅខាងក្រៅតួរបស់វា។
គួរបញ្ជាក់ថា ការធ្វើតេស្តសាកល្បងកាលពីមុន បានបង្ហាញពីសមត្ថភាព អាចបំពាក់អាវុធធុនធំៗ នៅខាងក្នុងយន្តហោះ។ ការតេស្តបានបង្ហាញថា យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រនេះ អាចបំពាក់និងបាញ់ចេញអាវុធ វាយប្រហារលឿនជាងសម្លេងធំៗ ដែលមានល្បឿនហោះហើរ លឿនជាងដល់ទៅ៥ដង នៃល្បឿនសម្លេង៕ ប្រែសម្រួល៖ប៉ាង កុង