គណៈកម្មការការពារព័ត៌មានផ្ទាល់ខ្លួនរបស់កូរ៉េខាងត្បូង (ហៅកាត់ PIPC) បានដាក់ពិន័យ Facebook ជាទឹកប្រាក់ប្រមាណ ៦,១លានដុល្លារ ដែលបានចែករំលែកព័ត៌មានរបស់អ្នកប្រើប្រាស់ទាំងដែលពួកគេមិនដឹងខ្លួនសោះ។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន Yonhap News បានឲ្យដឹងថា PIPC បានកំណត់ថា Facebook ចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់នៅកូរ៉េចំនួន ៣,៣លាននាក់ (ក្នុងចំណោមអ្នកប្រើសរុប ១៨លាននាក់) ទៅឲ្យក្រុមហ៊ុនមួយចាប់ពីខែឧសភាឆ្នាំ ២០១២ ដល់ខែមិថុនាឆ្នាំ ២០១៨ ដោយអ្នកប្រើប្រាស់ទាំងនោះមិនដឹងខ្លួនឡើយ។
នេះគឺជាការដាក់ពិន័យលើដំបូងលើ Facebook ពីសំណាក់គណៈកម្មការ PIPC ចាប់តាំងពីគណៈកម្មការនេះបានដំណើរការតាំងពីខែសីហាមក។ គួរដឹងថាគណៈកម្មការទំនាក់ទំនងរបស់កូរ៉េបានចាប់ផ្ដើមបើកការស៊ើបអង្កេតលើ Facebook តាំងពីឆ្នាំ ២០១៨ មក មុនប្រគល់កិច្ចការនេះទៅឲ្យគណៈកម្មការ PIPC ចាត់ការជាបន្ត៕
ប្រភព៖sabay