បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយ TN បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា មានការប៉ះទង្គិចគ្នា បានផ្ទុះឡើងរវាងប៉ូលិស និងអ្នកគាំទ្រលោក Diego Maradona ដែលបានទទួលមរណភាពទៅហើយនោះ នៅទីលានខាងក្រៅ វិមានប្រធានាធិបតីក្នុងទីក្រុង Buenos Aires ខណៈហ្វូងមនុស្ស កំពុងប្រមូលផ្តុំដើម្បីគោរព ដល់រូបតំណាងបាល់ទាត់ នៃវីរបុរសអាហ្សង់ទីនរូបនេះ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ពិធីរំលឹកក្រោយការស្លាប់នេះ បានចាប់ផ្តើមនៅក្នុងវិមានប្រធានាធិបតី តាំងពីព្រឹកព្រលឹម។ មនុស្សត្រូវបានអនុញ្ញាត ឱ្យចូលទៅក្នុងទីលានតាមរយៈច្រកចូល ដែលបានកំណត់ពិសេស។
យោងតាមរបាយការណ៍ បានអោយដឹងថា រហូតមកដល់ពេលនេះ ស្ថានភាពមើលទៅមានភាពច្របូកច្របល់ ដោយមានមនុស្សរុញច្រានគ្នាទៅវិញទៅមក និងប្រមូលផ្តុំគ្នា នៅក្នុងហ្វូងមនុស្សយ៉ាងច្រើន ដើម្បីចូលទៅខាងក្នុង។
សូមជម្រាបថា កំពូលតារាបាល់ទាត់របស់ប្រទេសអាហ្សង់ទីន គឺលោក Diego Maradona បានស្លាប់កាលពីថ្ងៃពុធ ដោយរោគគាំងបេះដូង ក្នុងវ័យ ៦០ ឆ្នាំ ដែលមានរយៈពេលពីរសប្តាហ៍ បន្ទាប់ពីលោកបានចេញពីមន្ទីរពេទ្យ ជាកន្លែងដែល លោក Diego Maradona បានទទួលការពិនិត្យសុខភាព និងវះកាត់ខួរក្បាល៕ ប្រែសម្រួលៈ ណៃ តុលា