ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនីកីឡាទាញព្រ័ត្រ ខេត្តបាត់ដំបង គ្រងតំណែងជើងឯក នៃព្រឹត្តិការណ៍ការប្រកួតកីឡា ទាញព្រ័ត្រជ្រើសរើសជើងឯក ថ្នាក់ជាតិ ប្រចាំឆ្នាំ ២០២០ ខណៈក្រុមកីឡាករកីឡា ទាញព្រ័ត្រក្រសួងមហាផ្ទៃ និងក្រុមកីឡាការិនីកីឡាទាញព្រ័ត្រ ខេត្តស្វាយរៀង បានត្រឹមជើងឯករងដូចគ្នា ។
ក្នុងឳកាសពិធីបិទជាផ្លូវការ នៃព្រឹត្តិការណ៍ការប្រកួតកីឡា ទាញព្រ័ត្រជ្រើសរើសជើងឯក ថ្នាក់ជាតិឆ្នាំនេះ ដោយមានការអញ្ជើញ ពីសំណាក់ លោក មាស សារិន ប្រធានសហព័ន្ធកីឡា ទាញព្រ័ត្រកម្ពុជា លោក ម៉ិល កាដូ អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡានៅវិមាន នៃពហុកីឡាដ្ឋានជាតិអូឡាំ ពិក នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ។
លោក មាស សារិន បានមានប្រសាសន៍ថា ការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯក ថ្នាក់ជាតិប្រចាំឆ្នាំ២០២០ រយៈពេល៣ថ្ងៃនេះ គឺជាការផ្តល់ឱកាស ឲ្យកីឡាករ កីឡាការិនី បញ្ចេញនូវទេពកោសល្យ សមត្តភាព ក៏ដូចជាវាស់ស្ទង់សមត្ថភាព បច្ចេកទេសដែលកីឡាករ-កីឡាការិនីម្នាក់ៗ បានហ្វឹកហាត់កន្លងមក ។
លទ្ធផលរបស់កីឡាករ-កីឡាការិនី ទទួលជ័យលាភីនាពេលនេះ ពិតជា បានមកពីការខិតខំ ហ្វឹកហាត់ ជាប្រចាំ មានការតស៊ូព្យាយាម គោរពវិន័យបានល្អ យកចិត្តទុកដាក់និងគោរព បានតាមបទបញ្ជាបច្ចេកទេស នៅក្នុងការប្រកួត ។
លោកបានបន្តថា កីឡាករ កីឡាការិនី បានជ្រាបស្រាប់ហើយថា រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំប្រកប ដោយគតិបណ្ឌិតបានយល់ ព្រមទទួលធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំប្រកួតកីឡា SEA Games ឆ្នាំ២០២៣ខាងមុខនេះ ៕