ព័ត៌មានអន្តរជាតិ

អ្នកវិទ្យាស្រ្ត នុយក្លេអ៊ែរកំពូលអ៊ីរ៉ង់ ត្រូវបានសម្លាប់ ហើយអ្នកការទូតសង្ស័យថា ជាស្នាដៃរបស់អ៊ីស្រាអែល

តេអេរ៉ង់៖ អ្នកវិទ្យាសាស្ត្រ នុយក្លេអ៊ែរអ៊ីរ៉ង់កំពូលម្នាក់ ត្រូវបានគេធ្វើឃាតកាលពីថ្ងៃសុក្រ នៅក្នុងការវាយឆ្មក់ ដោយក្រុមខ្មាន់កាំភ្លើង មិនស្គាល់អត្តសញ្ញាណមួយរូប ដោយរដ្ឋមន្រ្តីការបរទេស របស់ប្រទេសនេះ បានលើកឡើងថាមាន “ការចង្អុលបង្ហាញយ៉ាងធ្ងន់ធ្ងរ” អំពីតួនាទីរបស់អ៊ីស្រាអែល។

យោងតាមរដ្ឋាភិបាលអ៊ីរ៉ង់ និងប្រភពដទៃទៀត លោក Mohsen Fakhrizadeh ដែលបានដើរតួនាំមុខ ក្នុងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ បានធ្វើដំណើរតាមរថយន្តមួយ នៅភាគខាងកើតនៃទីក្រុងតេអេរ៉ង់ នៅពេលដែលលោក ត្រូវបានវាយប្រហារ ដោយក្រុមអ្នកវាយប្រហារ នៅក្នុងរថយន្តផ្សេង។ រថយន្តដឹកទំនិញធុនតូចមួយគ្រឿង បានផ្ទុះឡើងភ្លាមៗ នៅក្បែររថយន្តរបស់លោក Fakhrizadeh ។

លោក Fakhrizadeh ដែលជាប្រធានផ្នែកស្រាវជ្រាវ របស់ក្រសួងការពារជាតិ បានស្លាប់ បន្ទាប់ពីត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្នុងនោះមានរបាយការណ៍ ដែលមិនបានបញ្ជាក់ថា ជនជាប់ចោទម្នាក់ត្រូវបានចាប់ខ្លួន។

រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បានលើកឡើងថា“ ក្រុមភេរវករ បានសម្លាប់អ្នកវិទ្យាសាស្ត្រអ៊ីរ៉ង់ ដ៏ល្បីល្បាញម្នាក់នៅថ្ងៃនេះ” ។ អ៊ីរ៉ង់អំពាវនាវ ឱ្យសហគមន៍អន្តរជាតិ និងជាពិសេសសហគមន៍អ៊ឺរ៉ុប បញ្ឈប់ស្តង់ដារទ្វេ គួរឱ្យអាម៉ាស់របស់ខ្លួន និងថ្កោលទោស ចំពោះអំពើភេរវកម្មរបស់រដ្ឋនេះ៕ ដោយ៖ ឈូក បូរ៉ា

Most Popular

To Top