ព្រឹត្តិការណ៍

យូអិន​ ជំរុញឲ្យមានការអត់ធ្មត់ ក្រោយមានការធ្វើឃាត អ្នកវិទ្យាសាស្ត្រ នុយក្លេអ៊ែអ៊ីរ៉ង់

បរទេស៖ មន្ត្រីនាំពាក្យអង្គការ សហប្រជាជាតិមួយរូប បាននិយាយប្រាប់ថា អគ្គលេខាធិការអង្គការ សហប្រជាជាតិ លោក Antonio Guterres បានជំរុញឲ្យមានការអត់ធ្មត់ ក្រោយពីអ្នកវិទ្យាសាស្ត្រ នុយក្លេអ៊ែអ៊ីរ៉ង់មួយរូប ដែលលោកខាងលិច សង្ស័យជាយូរមកហើយថា ជាមេគំនិតរៀបចំ កម្មវិធីអាវុធអាតូមិកសម្ងាត់នោះ ត្រូវបានគេធ្វើឃាត នៅជិតទីក្រុងតេអេរ៉ង់។

លោក Farhan Haq ជាមន្ត្រីនាំពាក្យ ឲ្យអគ្គលេខាធិការ អង្គការសហប្រជាជាតិ បានមាននិយាយថា “យើងបានធ្វើការកត់សម្គាល់ លើសេចក្តីរាយការណ៍ ដែលថា អ្នកវិទ្យាសាស្ត្រ នុយក្លេអ៊ែអ៊ីរ៉ង់មួយរូប ត្រូវបានគេធ្វើឃាត នៅជិតទីក្រុងតេអេរ៉ង នាថ្ងៃនេះ។ យើងជំរុញឲ្យមានការអត់ធ្មត់ និងចំបាច់ត្រូវចៀសវាង ធ្វើសកម្មភាពណាមួយ ដែលអាចនាំឲ្យបង្កភាពតានតឹង កើនឡើងក្នុងតំបន់”។

គួរបញ្ជាក់ថា អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែ របស់ប្រទេសអ៊ីរ៉ង់ ដ៏ល្បីល្បាញ គឺ លោក Mohsen Fakhrizadeh ត្រូវបានគេធ្វើឃាត នៅជិតទីក្រុងតេអេរ៉ង់ កាលពីថ្ងៃសុក្រម្សិលមិញនេះ ក្រោយពីមានការប៉ះទង្គិចគ្នា រវាងក្រុមវាយប្រហារ ប្រដាប់អាវុធ ជាមួយនឹង អង្គរក្សរបស់លោក៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top