កីឡា

កម្មវិធីអប់រំ គុណតម្លៃអូឡាំពិក ប្រចាំឆ្នាំ២០២០ ធ្វើដំណើរខេត្តកំពង់ចាម នៅវិទ្យាល័យព្រះសីហនុ

ភ្នំពេញ៖គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានរៀបចំកម្មវិធីអប់រំគុណតម្លៃអូឡាំពិកលើកទី៦នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលជាកម្មវិធីចុងក្រោយ ក្នុងការបញ្រាបការផ្សព្វផ្សាយចលនាអូឡាំពិក ប្រចាំឆ្នាំ២០២០ និងការផ្សព្វផ្សាយពីចំណេះដឹងក្នុងដំណើរឆ្ពោះទៅ ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣នៅកម្ពុជា។

លោក ប៊ុយ សុភ័ណ្ឌ អនុប្រធានគ្រប់គ្រងគម្រោងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបញ្ជាក់ថា នៅក្នុងបរិវេណនៃវិទ្យាល័យព្រះសីហនុនេះគឺមានហេដ្ឋារចនាសម្ព័ន្ធកីឡាច្រើន ហើយសិស្សានុសិស្សនៅទីនេះក៏បានយល់ដឹងច្រើនពីវិស័យកីឡា ក៏ដូចជាបានដឹងពីដំណើរការត្រៀមឆ្ពោះទៅរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម (កីឡាជនពិការ) នាឆ្នំា២០២៣ផងដែរ។

អនុប្រធានគ្រប់គ្រងគម្រោងរូបនេះបានបន្ថែមថា សិស្សានុសិស្សនៅទីនេះបានយល់ដឹងច្រើនដែរ ហើ យយើងបានពន្យល់បន្ថែម ដើម្បីបញ្រ្ជាបការយល់ដឹងជូនដល់ពួកគាត់ឲ្យកាន់តែយល់ដឹងកាន់តែស៊ីជម្រៅបន្ថែមទៀត។ គោលបំណងរបស់យើង គឺបញ្រ្ជាបបន្ថែមនូវអ្វីដែលជា គុណតម្លៃអូឡាំពិក និងចលនាអូឡាំពិក ដែលជាគុណតម្លៃដ៏ សំខាន់ ដែល NOCC ខិតខំផ្សព្វផ្សាយជូនដល់មហាជន ក៏ដូចជាសិស្សានុសិស្ស ទាំង៦កម្មវិធីនៅតាមរាជធានីខេត្តកន្លងមកនេះ។

NOCC មានផែនការពង្រីកវិសាលភាពនៃកម្មវិធី អប់រំគុណតម្លៃអូឡាំពិក នាឆ្នំា២០២១ ខាងមុខឲ្យកាន់តែធំទូលាយច្រើនសាលារៀន និងការប្រមូលផ្តុំសិស្សានុសិស្សឲ្យច្រើន ទាំងសាលារដ្ឋ និងសាលាឯកជន ដោយសារក្នុងឆ្នាំ២០២០នេះ គឺយើងរៀបចំក្នុងកម្រិតតូចៗ ដើម្បីចូលរួមទប់ស្កាត់វិបត្តិCOVID-19 ជាមួយរាជរដ្ឋាភិបាលកម្ពុជា៕ដោយ៖លី ភីលីព

Most Popular

To Top