បរទេស៖ ប្រទេសរុស្ស៊ី នៅថ្ងៃអង្គារម្សិលមិញនេះ បាននិយាយប្រាប់ថា ខ្លួនទើបបានបញ្ជូន ប្រព័ន្ធការពារមីស៊ីល S-300V4 ថ្មីជាច្រើនគ្រាប់ ដាក់ពង្រាយ នៅលើជួរកោះមានជម្លោះនានា ស្ថិតនៅជិតប្រទេសជប៉ុន ហើយទង្វើបែបនេះ ទំនងជានឹងធ្វើឲ្យទីក្រុងតូក្យូខឹង។
ទូរទស្សន៍ Zvezda TV របស់ក្រសួងការពារជាតិរុស្ស៊ី បាននិយាយប្រាប់ថា ប្រព័ន្ធការពារដែនអាកាសចល័ត ដែលត្រូវបានគេរចនាផលិតឡើង ដើម្បីទប់ទល់ការវាយប្រហារ ដោយមីស៊ីលផ្លោង និងការវាយប្រហារ តាមអាកាសនានានោះ បានដាក់ពង្រាយលើកោះ Iturup ជាកោះមួយក្នុងចំណោមកោះ៤ ដែលរុស្ស៊ីកាន់កាប់ តែក៏ត្រូវជប៉ុនអះអាងថា ជាកម្មសិទ្ធិរបស់ខ្លួន និងហៅឈ្មោះថា ទឹកដីភាគខាងជើងផងដែរ។
ទូរទស្សន៍ Zvezda TV នោះ តាមសេចក្តីរាយការណ៍ បាននិយាយយ៉ាងដូច្នេះថា “ប្រព័ន្ធមីស៊ីលបាញ់យន្តហោះ ក្នុងរយៈចម្ងាយខ្លី ត្រូវបានដាក់ពង្រាយរួចរាល់ហើយ នៅលើកោះ Iturup ក្នុងតំបន់ Sakhalin ហើយនាពេលបច្ចុប្បន្ននេះ អាវុធធុនធ្ងន់ សម្រាប់ការពារដែនអាកាស ក៏បានបញ្ជូនទៅដល់ហើយដែរ។ ប្រព័ន្ធការពារដែនអាកាសដ៏ធំនោះ គឺមីស៊ីល S-300V4 “៕ ប្រែសម្រួល៖ប៉ាង កុង