បរទេស៖ រដ្ឋាភិបាលវៀតណាម បានពន្យាផែនការ រៀបចំការហោះហើរពាណិជ្ជកម្ម ដើម្បីនាំជនជាតិវៀតណាម ដែលជាប់នៅក្នុងប្រទេសជប៉ុន កូរ៉េខាងត្បូង និងកោះតៃវ៉ាន់ មកប្រទេសវិញ បន្ទាប់ពីរកឃើញករណីឆ្លងថ្មី នៅក្នុងសហគមន៍ ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា នាយករដ្ឋមន្រ្តីលោក ង្វៀន ស៊ុនហ្វុក កាលពីថ្ងៃអង្គារ បានបញ្ជាឱ្យបញ្ឈប់ជាបណ្តោះអាសន្ន នូវរាល់ជើងហោះហើរ ពាណិជ្ជកម្មអន្តរជាតិ ដែលមកពីបរទេស ខណៈ ដែលរដ្ឋាភិបាលទីក្រុង ហូជីមិញ បានរកឃើញករណីឆ្លង ក្នុងសហគមន៍ចំនួន ៣នាក់ ។
ក្រុមហ៊ុនអាកាសចរណ៍វៀតណាម ត្រូវបានកំណត់ថា នឹងចាប់ផ្តើមប្រតិបត្តិការចំនួន ៣៣ ជើងហោះហើរ ប្រចាំសប្តាហ៍រហូតដល់ពាក់កណ្តាលខែមករា។
យោងតាមអាជ្ញាធរ អាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) ជនជាតិវៀតណាមប្រហែល ៣០ ០០០ នាក់ មានបំណងវិលត្រឡប់ ពីប្រទេសជប៉ុន និង ១៥.០០០ នាក់ពីប្រទេសកូរ៉េខាងត្បូង និងកោះតៃវ៉ាន់ ដែលជាទីផ្សារការងារធំបំផុត របស់វៀតណាម៕
ប្រែសម្រួលៈ ណៃ តុលា