បរទេសk៖ ទីបញ្ជាការកងកម្លាំង សហរដ្ឋអាមេរិកប្រចាំនៅអឺរ៉ុប តាមសេចក្តីរាយការណ៍ បានប្រកាសថា យន្តហោះទម្លាក់គ្រាប់ យុទ្ធសាស្ត្រសហរដ្ឋអាមេរិក B-52 បានចូលរួមធ្វើសមយុទ្ធ ជាមួយយន្តហោះចម្បាំងណាតូ នៅពីលើដែនសមុទ្រ Barents ជាប់ព្រំដែនប្រទេសន័រវេស និងប្រទេសរុស្ស៊ី។
បេសកកម្មនោះ សង្កត់ធ្ងន់លើសមយុទ្ធបញ្ចូលរួមគ្នា នៅពីលើសមុទ្រតំបន់អាក់ទិក រវាងយន្តហោះទម្លាក់គ្រាប់ មកពីកងយន្តហោះ ទម្លាក់គ្រាប់លេខ៥ របស់មូលដ្ឋានកងទ័ពអាកាស Minot រដ្ឋដាកូតាខាងជើង និងយន្តហោះចម្បាំងF-16 របស់ប្រទេសក្រិកនិងន័រវេស។
គួរបញ្ជាក់ថា យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រ B-52 ដែលគេស្គាល់ឈ្មោះថា Stratofortress គឺត្រូវបានកងកម្លាំងជើង អាកាសសហរដ្ឋអាមេរិកប្រើប្រាស់ តាំងពីឆ្នាំ១៩៥៥មកម្ល៉េះ ហើយដោយត្រូវគេចាត់ថា ជាយន្តហោះទម្លាក់គ្រាប់ធុនធ្ងរប្រតិបត្តិការ ក្នុងរយៈចម្ងាយឆ្ងាយនោះ យន្តហោះនេះ មានសមត្ថភាពហោះហើរ ក្នុងរយៈកម្ពស់៥០.០០០ហ្វីត ស្មើនឹងកម្ពស់ប្រមាណជាង១៥គីឡូម៉ែត្រ៕ ប្រែសម្រួល៖ប៉ាង កុង