តូក្យូ៖មន្រ្តីអត្តពលកម្មជប៉ុនបានរិះគន់ការសម្រេចចិត្តដើម្បីផ្លាស់ប្តូរព្រឹត្តិការណ៍រត់ម៉ារ៉ាតុងអូឡាំពិក២០២០ និងព្រឹត្តិការណ៍រត់ប្រណាំងពីទីក្រុងតូក្យូទៅ Sapporo ដោយនិយាយថា ការផ្លាស់ប្តូរនេះមិនបានផ្តល់ផលប្រយោជន៍ដល់ដៃគូប្រកួតប្រជែងជាមុនទេយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។
IOC បានបញ្ជាឲ្យមានការផ្លាស់ប្តូរកាលពីខែមុន បន្ទាប់ពីបានឃើញអត្តពលិកធ្វើការតស៊ូដើម្បីទប់ទល់នឹងស្ថានភាពក្តៅ និងសើមនៃការប្រកួតជើងឯកពិភពលោកនៅដូហាកាលពីខែកញ្ញា។ លោក John Coates ប្រធានគណៈកម្មាធិសម្របសម្រួលរបស់ស្ថាប័នបាននិយាយថា “ IOC មានការភ្ញាក់ផ្អើលចំពោះអ្វីដែលយើងបានឃើញនៅដូហាក្នុងលក្ខខណ្ឌប្រហាក់ប្រហែលគ្នាទាក់ទងនឹងសីតុណ្ហភាព និងសំណើមដែលបានរំពឹងទុកនៅទីក្រុងតូក្យូ ។
លោកបានមានប្រសាសន៍ថា “ IOC មានទំនួលខុសត្រូវ“ ថែមទំាងត្រូវចាត់ទុកសុខភាពរបស់អត្តពលិកជាអាទិភាព។ ការប្រកាសនេះបានធ្វើឲ្យអ្នករៀបចំតូក្យូឆ្នាំ ២០២០ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយកាលពីថ្ងៃអង្គារ លោក Kazunori Asaba ប្រធានបណ្តុះបណ្តាលនៃសហព័ន្ធកីឡាអត្តពលកម្មជប៉ុន (JAAF) បានប្រាប់អ្នកយកព័ត៌មានថា វាមិនគួរត្រូវបានធ្វើឡើងទេ៕ដោយ៖លី ភីលីព