Event

ក្រុមហ៊ុន EZECOM ផ្តល់ប្រាក់រង្វាន់ដល់គ្រូបង្រៀន ដែលមានភាពច្នៃប្រឌិតខ្ពស់កម្ពុជា ប្រចាំឆ្នាំ២០២០

ភ្នំពេញ៖ ក្រុមហ៊ុន EZECOM ដែលជាក្រុមហ៊ុនផ្តល់ សេវាទូរគមនាគមន៍ឈានមុខគេរបស់ ប្រទេសកម្ពុជា បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនចំពោះវិស័យ អប់រំអនឡាញ តាមរយៈការឧបត្ថម្ភប្រាក់រង្វាន់ដល់អ្នកឈ្នះពានរង្វាន់គ្រូបង្រៀន ដែលមានភាពច្នៃប្រឌិតខ្ពស់កម្ពុជា។

Desktop Screen Mockup

ក្រុមហ៊ុន EZECOM ដែលជួយគាំទ្រដល់ វិស័យអប់រំអនឡាញ បានផ្តល់ប្រាក់រង្វាន់ចំនួន ១.២៥០ដុល្លារ និងកុំព្យូទ័រយួរដៃមួយគ្រឿង ជូនដល់លោក ថុល ថាន់ថន ដែលជាអ្នកឈ្នះពានរង្វាន់គ្រូបង្រៀនដែលមានភាពច្នៃប្រឌិតខ្ពស់ប្រចាំឆ្នាំ២០២០ នេះ។ ការប្រកួតដណ្តើមពានរង្វាន់នេះត្រូវបានរៀបចំឡើង ដោយក្រសួងអប់រំ យុវជន និងកីឡា ដោយមានការសហការជាមួយក្រុមហ៊ុន Step IT Academy Cambodia និងក្រុមហ៊ុន The Idea។

ក្រុមហ៊ុន EZECOM ក៏បានផ្តល់រង្វាន់ដល់បេក្ខជន និងបេក្ខនារីដែលជាប់ចំណាត់លេខ២ និងលេខ៣ ផងដែរ ដោយអ្នកនាង គីម មិថុនា ដែលជាប់លេខ២ ទទួលបានប្រាក់រង្វាន់ចំនួន ៥០០ដុល្លារនិងកុំព្យូទ័រយួរដៃមួយគ្រឿង និងលោក ចៅ វណ្ណៈ ដែលជាប់លេខ៣ ទទួលបានប្រាក់រង្វាន់ចំនួន ៣៥០ដុល្លារ និងកុំព្យូទ័រយួរដៃមួយគ្រឿង។

លោក កាំង តាំង នាយកបទពិសោធបុគ្គលិកនៃក្រុមហ៊ុន EZECOM បានថ្លែងថា៖ «យើងមានមោទនភាពដែលអាចចូលរួមចំណែកដល់ព្រឹត្តិការណ៍ដ៏មានកិត្យានុភាពនេះ។ ការចូលរួមរបស់យើងបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់យើងចំពោះវិស័យអប់រំអនឡាញនៅកម្ពុជា»។

លោក កាំង តាំង បានឲ្យដឹងថា៖ «ចាប់តាំងពីកើតមានការរាតត្បាតជំងឺកូវីដ-១៩ នៅដើមឆ្នាំនេះមក ការរៀនសូត្រអឡាញបានក្លាយជាមធ្យោបាយដ៏សំខាន់មួយសម្រាប់សិស្ស និងគ្រូ ដើម្បីបន្តការអប់រំរបស់ពួកគេ។ ដូចនេះ យើង ដែលជាក្រុមហ៊ុន EZECOM មានក្តីរីករាយដែលជួយគាំទ្រនៅទីកន្លែងណាដែលយើងអាចធ្វើបាន»។

លទ្ធផលការប្រកួតដណ្តើមពានរង្វាន់គ្រូបង្រៀនដែលមានភាពច្នៃប្រឌិតខ្ពស់ប្រចាំឆ្នាំ២០២០ នេះ ត្រូវបានប្រកាសនៅថ្ងៃចុងក្រោយនៃវេទិកាសិក្សាតាមប្រព័ន្ធអេឡិចត្រូនិចលើកទី១ ឆ្នាំ២០២០ (1st Cambodian E-Learning Forum 2020) ដែលបានប្រារព្ធធ្វើឡើងនៅថ្ងៃទី៣ និងទី៤ ខែធ្នូ ឆ្នាំ២០២០។ ពានរង្វាន់នេះត្រូវបានបង្កើតឡើងដើម្បីលើកទឹកចិត្តដល់គ្រូបង្រៀនរាប់ចាប់ពីគ្រូថ្នាក់មតេ្តយ្យសិក្សារហូតដល់គ្រូមធ្យមសិក្សា ឱ្យបង្ហាញភាពច្នៃប្រឌិត និងទេពកោសល្យរបស់ពួកគេក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីលើកកម្ពស់បច្ចេកទេសបង្រៀន និងវិធីសាស្ត្ររៀនសូត្រ។

Desktop Screen Mockup

វេទិកានេះដែលដំបូងឡើយគ្រោងនឹងធ្វើឡើងជាព្រឹត្តិការណ៍ជួបជុំគ្នាធម្មតា ត្រូវបានផ្លាស់ប្តូរទៅធ្វើជាអនឡាញទាំងស្រុងវិញ ដោយសារក្តីបារម្ភពីការរាតត្បាតជំងឺកូវីដ-១៩ នាពេលថ្មីៗនេះ។

ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងនៅក្នុងសុន្ទរកថាបិទវេទិកានេះថា ការរាតត្បាតជំងឺកូវីដ-១៩ បានបង្កើនភាពបន្ទាន់សម្រាប់អ្នកអប់រំ មាតាបិតា និងគ្រូបង្រៀនឱ្យត្រៀមលក្ខណៈរួចរាល់សម្រាប់ការរៀនសូត្រតាមអេឡិចត្រូនិច ជាពិសេសនៅក្នុងបរិបទរបស់កម្ពុជា។ ឯកឧត្តមក៏បានកោតសរសើរផងដែរដល់អ្នករៀបចំកម្មវិធីដែលរួមមានក្រសួងអប់រំ ក្រុមហ៊ុន Step IT Academy Cambodia និងក្រុមហ៊ុន The Idea ព្រមទាំងក្រុមហ៊ុនជាច្រើនទៀតដូចជាក្រុមហ៊ុន EZECOM ដែលបានគាំទ្រដល់វេទិកានេះ។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា៖ «ខ្ញុំពិតជាកោតសរសើរដល់ការប្តេជ្ញាចិត្តរបស់គ្រួបង្រៀនរបស់យើង ដែលបានចំណាយពេលវេលា និងទេព្យកោសលរបស់ខ្លួនក្នុងអំឡុងពេល មានការរាតត្បាតជំងឺកូវីដ-១៩»។

ក្រុមហ៊ុន EZECOM ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧ ហើយចាប់តាំងពី ពេលនោះមកបានក្លាយជាក្រុមហ៊ុនផ្តល់ សេវាទូរគមនាគមន៍ឈានមុខគេមួយ នៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុន EZECOM ផ្តល់ជូនអតិថិជនជាមួយ កញ្ចប់សេវាកម្មច្រើន ប្រភេទតាមរយៈខ្សែហ្វាយប៊ើអុបទិក (Fibre Optic) សម្រាប់បំពេញតម្រូវការអតិថិជនជាមួយនឹងសេវាអ៊ីនធឺណិត ល្បឿនដែលល្អឥតខ្ចោះ និងដំណោះស្រាយ អ៊ីនធឺណិត និងទូរគមនាគមន៍ផ្សេងៗទៀតដល់ក្រុមហ៊ុន និងអ្នកប្រើប្រាស់នៅទូទាំងប្រទេសកម្ពុជា។ ក្រុមហ៊ុន EZECOM បានទិញក្រុមហ៊ុនខ្សែហ្វាយប៊ើអុបទិក Telcotech ដែលផ្តល់លទ្ធភាព ដល់ការពង្រីកការផ្តល់សេវារបស់ខ្លួន ៩៩% នៃផ្ទៃប្រទេស។

Desktop Screen Mockup

ក្រុមហ៊ុន EZECOM គឺជាក្រុមហ៊ុនអ៊ីនធឺណិតតែមួយគត់ដែលមានប្រព័ន្ធខ្សែកាប្លិ៍បាតសមុទ្រផ្ទាល់ខ្លួនដំបូងគេ នៅកម្ពុជា ពោលគឺបណ្តាញខ្សែកាប្លិ៍ម៉ាឡេស៊ី–កម្ពុជា–ថៃ (MCT) ដែលលាតសន្ធឹងប្រហែល ១.៣០០គីឡូម៉ែត្រ។

បណ្តាញខ្សែកាប្លិ៍បាតសមុទ្រនេះ ធ្វើអោយប្រទេសកម្ពុជាក្លាយជា ចំណុចតភ្ជាប់មួយទៅកាន់ទ្វីបអាស៊ីទាំងមូល និងអាចឱ្យប្រទេសកម្ពុជាតភ្ជាប់ ទៅតំបន់អាស៊ីប៉ាស៊ីហ្វិក តំបន់អាស៊ាន និងប្រទេសផ្សេងទៀតក្នុងពិភពលោកបានយ៉ាងងាយ ដោយឆ្លងកាត់តាមប្រទេសម៉ាឡេស៊ី។ ក្រុមហ៊ុន EZECOM ក៏បានចាប់ដៃគូផងដែរជាមួយ ក្រុមហ៊ុន NXT Network ដែលជាក្រុមហ៊ុនមានជំនាញខាងចែកចាយ អ៊ីនធឺណិតខ្នាតធំក្នុងតំបន់អាស៊ាន ដែលបានប្រកាសភាពជាដៃគូយុទ្ធសាស្រ្តមួយដើម្បីរួមគ្នាផ្តល់ សេវាកម្មកាន់តែប្រសើរឡើងសម្រាប់ទីផ្សារប្រទេសកម្ពុជា ឡាវ ភូមា វៀតណាម និងថៃ។

ក្នុងឆ្នាំ២០១១ ក្រុមហ៊ុន EZECOM បានក្លាយជាក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតដំបូងគេ ក្នុងប្រទេសកម្ពុជាដែលទទួលបានវិញ្ញាបនបត្រ ISO។ ក្រុមហ៊ុនក៏បានឈ្នះពានរង្វាន់ Best ISP Award រយៈពេលពីរឆ្នាំជាប់គ្នាផងដែរគឺឆ្នាំ២០១១ និងឆ្នាំ២០១២ បានឈ្នះពានរង្វាន់ Cambodia ICT Awards (CICTA) និងទទួលបានពានរង្វាន់ Best ISP for Enterprise Award ក្នុងឆ្នាំ២០១៦ បានឈ្នះពានរង្វាន់ Best Employer Brand Award ក្នុងឆ្នាំ២០១៧ និងត្រូវបានទទួលស្គាល់ជាផ្លូវការជាមួយនឹងវិញ្ញាបនបត្រ ISO 9001:2015 Certification ក្នុងឆ្នាំ២០២០នេះ៕

Most Popular

To Top