ព្រឹត្តិការណ៍

ខេត្តកំពត ​បន្ត​ភាព​ទាក់ទាញ​ លើ​គម្រោង​វិនិយោគធំៗ តម្លៃ​រាប់សិប​លាន​ដុល្លារ

កំ​ពតៈ ស្របទៅនឹង​ចក្ខុវិស័យ​ របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ក្នុងការ​ប្រែក្លាយ​ខេត្ត​ជាប់មាត់​សមុទ្រ ឱ្យទៅជា​តំបន់​កម្សាន្ត ​ដ៏​ទាក់ទាញ​លំដាប់​អន្តរជាតិ ប​ច្ចុ​ប្ប​នេះ ខេត្តកំពត បាន​បន្ត​ភាព​ទាក់ទាញ​លើ​គម្រោង​វិនិយោគ និង​អភិវឌ្ឍន៍ធំៗជាច្រើន​ ដែលមាន​តម្លៃ​រាប់សិប​លាន​ដុល្លារ ដែល​បម្រើ​ដល់​វិស័យ​ទេសចរណ៍។

ភ្ជាប់​ជាមួយ នឹង​ការទទួលបាន​គម្រោង​វិនិយោគ និង​អភិវឌ្ឍន៍​ជាច្រើន​នៅ​ទូទាំង​ខេត្តកំពត លោក​ឧកញ៉ា តេង រិទ្ធី ដែលជា​អគ្គនាយក​ក្រុមហ៊ុន​អចល​ទ្រព្យ R Investment Group នៅ​ល្ងាច​ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០បានបង្ហាញ​ពី​ក្ដី​សាទរ ទៅនឹង​អ្វីដែល​ខេត្តកំពត​ ទទួលបាន​នៅពេលនេះ ជាមួយនឹង​ការបញ្ជា​ក់ថា គម្រោង​បណ្តាក់​ទុនវិនិយោគ ​ដែលមាន​ទំហំ​ ជាច្រើន​លាន​ដុល្លារ​ខាងលើនេះ ភាគច្រើន​ជាការ​វិនិយោគ ទៅលើ​ការបង្កើត​តំបន់​កម្សាន្ត​ទ្រង់ទ្រាយ​ធំ រួម​ជាមួយនឹង​ការសាងសង់​លំនៅដ្ឋាន​បែប​លំហែរ​កាយ។

លោក​ឧកញ៉ា​បន្តទៀតថា “បច្ចុប្បន្ននេះ​មាន​អ្នកវិនិយោគ​ជាច្រើន បាន​ទម្លាក់​ទុន​ធ្វើការ​អភិវឌ្ឍ​តំបន់​មួយចំនួន ឱ្យក្លាយ​ទៅជា​តំបន់​កម្សាន្ត​បែប​កែច្នៃ និង​ធម្មជាតិ ជាពិសេស​តំបន់​ ដែល​ស្ថិតនៅ​ជាប់មាត់​ព្រែក ជាប់​សមុទ្រ និង​តំបន់​ក្បែរ​ជើងភ្នំ” ។ លោក​បន្តថា “ជាមួយនឹង​សកម្មភាព​ដែល​កំពុង​បន្ត​អភិវឌ្ឍន៍ ក៏មាន​គម្រោង​ថ្មី​បន្តបន្ទាប់​ទៀត ដែល​មិនយូរ​មិនឆាប់​ខេត្តកំពត នឹង​ក្លាយទៅជា​ទីតាំង​គោលដៅ​ទេសចរណ៍ ដ៏​មាន​ប្រជាប្រិយភាព​ជាក់​មិន​ខាន” ។

ជាមួយនឹង​ការបង្ហាញ​ពី​សក្ដានុពល ក្នុងការ​វិនិយោគ​ខាងលើនេះ លោក​ឧកញ៉ា តេង រិទ្ធី ក៏បាន​បញ្ជាក់ថា សម្រាប់​ការអភិវឌ្ឍ​លើ​វិស័យ​លំនៅដ្ឋាន បែប​លំហែរ​កាយ​នៅពេល​បច្ចុប្បន្ន ត្រូវបាន​ធ្វើឡើង​ជាច្រើន​គម្រោង និង​ច្រើន​កម្រិត ហើយ​តម្លៃ ​ក៏​អាស្រ័យ​ទៅតាម​គម្រោង​ផងដែរ ដែល​ក្នុងនោះ​មានតម្លៃ​ចាប់ពី​ជាង៣ ទៅ៤ម៉ឺន​ដុល្លារ​ឡើងទៅ​ សម្រាប់​លំនៅដ្ឋាន​ បែប​លំហែរ​មួយ​ខ្នង។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត លោក សយ ស៊ី​ណុល បាន​មានប្រសាសន៍​ផងដែរ​ថា សព្វថ្ងៃនេះ​មាន​គម្រោង​វិនិយោគ លើ​វិស័យ​បដិសណ្ឋារកិច្ច​ជាច្រើន នៅក្នុង​ខេត្តកំពត ជាពិសេស គម្រោង​រមណីយដ្ឋាន សណ្ឋាគារ និង​បឹង​ហ្គា​ឡូ នៅតាម​ដងព្រែក​នានារ​បស់​ខេត្តកំពត។

លោក​បន្តថា “នៅពេល​ដែលមាន​គម្រោង​វិនិយោគ ផ្នែក​បដិសណ្ឋារកិច្ច​ច្រើន​នៅក្នុង​ខេត្ត​នាពេលនេះ បាន​ឆ្លុះបញ្ចាំង​នៃ​ភាពល្អប្រសើរ និង​ជំរុញឱ្យមាន ការប្រកួត​ប្រជែង​កាន់តែ​ខ្លាំងក្លា នៅក្នុង​វិស័យ​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា និង​ធានាបាន​នូវ​គុណភាព​ខ្ពស់” ។ លោក​បញ្ជាក់ថា “ធម្មតា​នៅក្នុង​ធ្វើ​ពាណិជ្ជកម្ម ឬ​មុខ​ជំនួញ​ណាមួយ ​ដែលមាន​ការប្រកួតប្រជែង វា​នឹង​ធានាបាន​នូវ​គុណភាព និង​កម្រិតស្តង់ដារ​មួយ ហើយ​យើង​ក៏​ចង់បាន ​ការប្រកួតប្រជែង​បែបនេះ​ឱ្យបាន​ច្រើន ដើម្បី​ជំរុញ​ទៅដល់ ​ការលើកកម្ពស់​កម្រិត​គុណភាព” ។

លោក​សយ ស៊ី​ណុល បាន​បញ្ជាក់ថា បច្ចុប្បន្ននេះ​កម្ពុជា មិនមែន​មានការ​ប្រកួត​ប្រជែង​តែ​នៅក្នុង​ស្រុក​នៅទេ គឺ​កម្ពុជា​បាននិងកំពុង​ ប្រកួតប្រជែង​ទាំង​ថ្នាក់​តំបន់ និង​ពិភពលោក លើ​វិស័យ​បដិសណ្ឋារកិច្ច​នេះ។ ការទាក់ទាញ​ភ្ញៀវទេសចរ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក គឺ​ទាមទារ​ឱ្យមាន​គុណភាព និង​ស្តងដារ​ចាំបាច់​បំផុត ដូច្នេះ​នៅពេល​មានការ​ប្រកួតប្រជែង​ កាន់តែច្រើន​វា​កាត់​តែ​ល្អ ហើយ​ឆ្លើយតប​ ទៅនឹង​តម្រូវការ​ភ្ញៀវទេសចរ និង​ជាតិ​អន្តរជាតិ៕ ប្រភព៖ https://www.propertyarea.asia/

Most Popular

To Top