សេអ៊ូល៖ ការនាំចេញរបស់កូរ៉េខាងត្បូង បានកើនឡើង ២៦,៩ ភាគរយធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ក្នុងរយៈពេល ១០ ថ្ងៃដំបូងនៃខែធ្នូ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។
យោងតាមទិន្នន័យពី សេវាកម្មគយកូរ៉េបានឱ្យដឹងថា ការនាំចេញទៅក្រៅប្រទេស របស់ប្រទេសនេះមានចំនួន ១៦,៣ ពាន់លានដុល្លារក្នុងរយៈពេល ថ្ងៃទី០១-១០ ខែធ្នូ នេះបើប្រៀបធៀបទៅនឹង ១២,៩ ពាន់លានដុល្លារកាលពីឆ្នាំមុន ។
ការនាំចេញក្នុងមួយថ្ងៃបានកើនឡើង ១១,៩ ភាគរយក្នុងរយៈពេល ដូចគ្នាកាលពីឆ្នាំមុន។ ទិន្នន័យបានបង្ហាញថា ការនាំចូលបានកើនឡើង ៧,៩ ភាគរយដល់ ១៥,៤ ពាន់លានដុល្លារក្នុងរយៈពេល ១០ ថ្ងៃ ដែលធ្វើឱ្យអតិរេកពាណិជ្ជកម្ម មានចំនួន ៨៩៤ លានដុល្លារ។
តាមវិស័យការនាំចេញបន្ទះឈីប អង្គចងចាំ ដែលជាមុខទំនិញនាំចេញសំខាន់បានកើនឡើង ៥២,១ ភាគរយពីមួយឆ្នាំមុនក្នុងរយៈពេល ១០ ថ្ងៃដំបូងនៃខែធ្នូ ខណៈដែលរថយន្តបានកើនឡើង ២២,៤ ភាគរយក្នុងរយៈពេល ដែលបានលើកឡើង៕
ដោយ ឈូក បូរ៉ា