ភ្នំពេញ៖ ព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ ជើងឯកអាស៊ីអាគ្នេយ៍ ដែលគេប្រសិទ្ធិនាមថា AFF Suzuki Cup នោះត្រូវសហព័ន្ធបាល់ទាត់អាស៊ីអាគ្នេយ៍ សម្រេចពន្យារការប្រកួត រហូតដល់ខែធ្នូ ឆ្នាំ២០២១ឯណោះ ដោយសារតែមេរោគរីតត្បាតCOVID-19 ។
លោកខៀវ សាម៉េត ប្រធានសហព័ន្ធបាល់ទាត់អាស៊ីអាគ្នេយ៍ មានប្រសាសន៍ថា ជានិច្ចកាលអាទិភាពទីមួយ របស់យើងគឺសុខភាព និងសុវត្ថិភាពរបស់មនុស្សគ្រប់គ្នា ដែលជាប់ទាក់ទងនឹងព្រឹត្តិ ការណ៍នេះ។ ដូចនេះយើងបានឃ្លាំមើលការវិវត្ត COVID-19 ទាំងនៅក្នុងអាស៊ាន និងនៅលើពិភពលោកទាំងមូលជា បន្តបន្ទាប់។
ខណៈពេលដែលមានលទ្ធផល លើកទឹកចិត្តក្នុងការអភិវឌ្ឍវ៉ាក់សាំង យើងដឹងថាដំណើរការ នៃការអនុម័តវ៉ាក់សាំងក៏ដូចជា ភាពជាក់ស្តែងនៃការចែកចាយ និងការអនុវត្តកម្មវិធីវ៉ាក់សាំង នៅទូទាំងពិភពលោករួមទាំងអាស៊ាន នឹងត្រូវការពេលវេលាខ្លះ។
ប្រមុខបាល់ទាត់អាស៊ានរូបនេះ បានបន្តទៀតថាយើងក្រឡេកមើលកម្មវិធី ប្រកួតបាល់ទាត់ ដែលមានភាពមមាញឹកសម្រាប់ឆ្នាំ២០២១ រួមទាំងព្រឹត្តិការណ៍អន្តរជាតិ និងព្រឹត្តិការណ៍ក្នុងស្រុកដែលបានរៀបចំឡើង ចាប់ពីឆ្នាំ២០២០ ក៏ធ្វើឱ្យការប្រកួតរបស់យើងនៅក្នុងខែធ្នូ គឺជាពេលវេលាដ៏ល្អមួយ។
កាលបរិច្ឆេទថ្មីដែលនឹងចាប់ផ្តើម នៅថ្ងៃទី៥ ខែធ្នូ រហូតដល់ថ្ងៃទី០១ ខែមករា ឆ្នាំ ២០២២ នឹងផ្តល់នូវឱកាសដ៏ល្អបំផុត សម្រាប់ព្រឹត្តិការណ៍ដែលត្រូវបានរៀបចំឡើង ជាទ្រង់ទ្រាយពេញលេញជាមួយ នឹងការប្រកួតក្នុងផ្ទះ និងក្រៅផ្ទះ ទាំងវគ្គជម្រុះតាមពូល និងវគ្គខ្វែង និងជាមួយកីឡដ្ឋាន ដែលពោរពេញ ទៅដោយអ្នកគាំទ្រ។ លើកទឹកចិត្តនិងអបអរក្រុមរបស់ពួកគេទៀតផង។
សហព័ន្ធបាល់ទាត់អាស៊ីអាគ្នេយ៍ គ្រោងនឹងធ្វើការប្រកួតពានរង្វាន់ដដែលនេះឡើងវិញ នៅខែមេសា ដល់ខែឧសភាឆ្នាំ២០២១។
តែដោយសារតែមេរោគកូវីដ១៩ សហព័ន្ធបាល់ទាត់តំបន់នេះ សម្រេចលើកពេល មកធ្វើនៅចន្លោះពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ តាមរូបបមន្តប្រកួត ២ដងក្រៅដី និង ២ដងក្នុងដី។
ដោយសារតែស្ថានភាព នៅមិនទាន់ស្រាកស្រាននោះ សហព័ន្ធកីឡាបាល់ទាត់ អាស៊ីអាគ្នេយ៍ សម្រេចពន្យាររយៈពេលមួយឆ្នាំបន្តទៀត ដោយធ្វើការប្រកួត នៅខែធ្នូ២០២១វិញ ៕
ដោយ៖លី ភីលីព