ភ្នំពេញ៖ កីឡាហាប់គីដូ គឺជាប្រភេទកីឡាប្រយុទ្ធមួយបែប ដែលមានប្រភពមកពី ប្រទេសកូរ៉េខាងត្បូង ប្រភេទកីឡានេះបានចូលមកកម្ពុជាតាំងពីអំឡុងឆ្នាំ១៩៦៩ ហើយបច្ចុប្បន្នមានយុវជន-យុវនារី និងអង្គភាពកងកម្លាំងសមត្ថកិច្ច បានហ្វឹកហាត់ ជាច្រើន ដែលធ្វើឲ្យកីឡានេះមានសកម្មភាពផុលផុសខ្លាំង ប៉ុន្តែថ្នាក់ដឹកនាំសហព័ន្ធ ខ្មែរកីឡាហាប់គីដូមិនមានជំនឿចិត្តថា នឹងមានវត្តមាននៅ SEA GAMES ឆ្នាំ ២០២៣ នៅកម្ពុជានោះទេ។
លោក គង់ ចាន់ធីណា ជាអគ្គលេខាធិការសហព័ន្ធ និងជាអ្នករ៉ាប់រងកីឡានេះ ឲ្យដំណើរការបានល្អ និងមានសកម្មភាពលេចធ្លោ ក្នុងចំណោមយុវជន និងកងកម្លាំងសមត្ថកិច្ចនោះ បានប្រាប់ថាអត្តពលិកមកហាត់ភាគច្រើនជាយុវជន ដោយហាត់ដើម្បីសុខភាព និងការពារខ្លួន ។
ការប្រកួតជើងឯកជាតិមិនទាន់មាននៅឡើយ ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា មិនទាន់ទទួលស្គាល់ជាផ្លូវការ ជាសហព័ន្ធកីឡាជាតិ ក្នុងបញ្ជី ដែលទទួលបានប្រាក់ ផ្គត់ផ្គង់សម្រាប់រដ្ឋបាល វគ្គបណ្តុះបណ្តាលគ្រូបង្វឹក និងការប្រកួតជើងឯកជាតិប្រចាំឆ្នាំ នៅឡើយទេ ។កន្លងមក ប្រាក់ចំណូលទ្រទ្រង់សហព័ន្ធកីឡានេះ បានពីការចូលរួម ដោយស្ម័គ្រចិត្តពីសិស្ស គ្រូបង្វឹក និងសប្បុរសជន។
លោក គង់ ចាន់ធីណា បានលម្អិតពីមូលហេតុដែលហាប់គីដូ មិនទាន់អាចមានវត្តមាន នៅស៊ីហ្គេមបាន ដោយនិយាយថា យើងខ្វះធនធានជាគ្រូបង្វឹក សម្រាប់ចេញទៅ បង្ហាត់តាមសាលា ឬក្លិបមួយចំនួន ដែលគេត្រូវការ ព្រោះយើងគ្មានតម្លៃពលកម្ម ឬប្រាក់ឧបត្ថម្ភជូនគ្រូទាំងនោះទេ ។អ្វីៗគឺសហព័ន្ធរំពឹងទៅលើឆន្ទៈ ឬការស្ម័គ្រចិត្តរបស់គ្រូ ហើយស្ថានភាពបែបនេះមិនទៀងទាត់ទេ ដោយសារពួកគាត់ រវល់ការងារផ្ទាល់ខ្លួនដែរ។ ប្រសិនមានថវិកាសម្រាប់ផ្គត់ផ្គង់ដល់គ្រូ ឬអ្នកមានខ្សែក្រវាត់ខ្មៅខ្ពស់ៗនោះ ហាប់គីដូ នឹងមានសកម្មភាពលឿនទៅមុខ ហើយក្រសួងនឹងអាចមើលឃើញមិនខាន។
លោកឧត្តមសេនីយ៍ឯក ម៉ក់ សំអុល ជាប្រធានសហព័ន្ធបានថ្លែងថា តាមច្បាប់ របស់កីឡាដើម្បីចូលក្នុងព្រឹត្តិការណ៍ SEA GAMES បាន ត្រូវមានសកម្មភាពថ្នាក់ជាតិផុលផុស មានអត្តពលិកជម្រើសជាតិគ្រប់គ្រាន់ និងទទួលស្គាល់ដោយស្ថាប័នកីឡាជាតិ ដើម្បីមានការប្រមូលផ្តុំហ្វឹកហាត់ ដោយថវិកាជាតិ ឬវិស័យឯកជន។សហព័ន្ធក៏ ត្រូវមានដៃគូក្រៅប្រទេស គឺសហព័ន្ធអន្តរជាតិជួយគាំទ្រ ហើយត្រូវមានប្រទេសយ៉ាងតិចចំនួន ៤ សុំចូលប្រកួត ទើបកីឡាស៊ី SEA GAMES យើងដាក់បញ្ជូលប្រកួតបាន។
លោកបានបន្តថា សម្រាប់ស៊ីហ្គេម ឆ្នាំ ២០២៣ ហាប់គីដូ មិនសង្ឃឹមថា មានវត្តមាននោះឡើយ ព្រោះនៅក្នុងបញ្ជីត្រៀមប្រភេទកីឡាសម្រាប់ដាក់ឲ្យប្រកួត គឺគ្មានហាប់គីដូនៅឡើយ។ តែតាមរយៈការខិតខំប្រឹងប្រែងលោកសង្ឃឹមជឿជាក់ថា ហាប់គីដូនឹងបានទទួលការ ជួយជ្រោមជ្រែងពីសហព័ន្ធហាប់គីដូអន្តរជាតិ និងត្រូវការក្រសួងអប់រំ យុវជន និងកីឡា ជួយគាំទ្រជាថវិកាដូចសហព័ន្ធដទៃ ទើបមានវត្តមានប្រកួតនៅពេលក្រោយបាន ៕
ដោយ៖លី ភីលីព