សេនហ្វ្រេនស៊ីស្កូ ៖ New York Times បានចេញផ្សាយជាផ្លូវការថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សហរដ្ឋអាមេរិក Google របស់ Alphabet Inc នៅតែបន្តអនុញ្ញាត ឲ្យបុគ្គលិករបស់ខ្លួន ធ្វើការពីផ្ទះរហូតដល់ខែកញ្ញា ឆ្នាំ ក្រោយដោយពន្យារពេល ត្រឡប់មកការិយាល័យវិញ នៅប៉ុន្មានខែទៀត យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
លោក Sundar Pichai អគ្គនាយកក្រុមហ៊ុនបានប្រាប់ បុគ្គលិកក្រុមហ៊ុនតាមអ៊ីម៉ែលថា ក្រុមហ៊ុននេះក៏កំពុងសាកល្បងគំនិត នៃពេលវេលាធ្វើការ ដែលអាចផ្លាស់ប្តូរបាន នៅពេលវាមានសុវត្ថិភាព ក្នុងការវិលត្រឡប់មកកាន់ ការិយាល័យវិញ នេះជាផ្នែកមួយ នៃផែនការបុគ្គលិករបស់ Google ត្រូវបានគេរំពឹងថា នឹងធ្វើការយ៉ាងហោចណាស់៣ថ្ងៃ ក្នុងមួយសប្តាហ៍ នៅការិយាល័យ ខណៈធ្វើការពីផ្ទះនៅថ្ងៃផ្សេងទៀត ។
លោក Pichai បានសរសេរក្នុងអ៊ីម៉ែលថា យើងកំពុងសាកល្បងសម្មតិកម្មថា គំរូការងារអាចបត់បែន បាននឹងនាំឲ្យមានផលិតភាព ការសហការ និងសុខមាលភាពកាន់តែខ្លាំង។ Google គឺជាក្រុមហ៊ុនដំបូងគេ ដែលបាន ស្នើសុំឲ្យបុគ្គលិក របស់ខ្លួនធ្វើការពីផ្ទះដោយសារជំងឺរាតត្បាត ។ ពីមុនវាបានពន្យារពេលកំណត់ ពេលវេលា ដោយនិយោជិកគួរតែត្រឡប់ មកការិយាល័យវិញ ចាប់ពីខែមករាឆ្នាំក្រោយដល់ខែកក្កដា ៕ដោយ៖លី ភីលីព