ព័ត៌មានអន្តរជាតិ

ចិនបញ្ជាទិញវ៉ាក់សាំង ការពារវីរុសកូវីដ១៩ ចំនួន ១០០លានដូស ពីក្រុមហ៊ុន Pfizer- BioNTech

បរទេស៖ អ្នកផលិតឱសថចិន នឹងទទួលបានវ៉ាក់សាំង ការពារមេរោគឆ្លងកូវីដ១៩ចំនួន ១០០ លានដូស ពីក្រុមហ៊ុន ដែលជាសហការបង្កើតរវាង Pfizer Inc និង BioNTech SE ដោយសារប្រទេសនេះ (ចិន) ស្វែងរកការចាក់ថ្នាំបង្ការ ពីក្រៅប្រទេស បន្ថែមលើថ្នាំ ដែលផលិតនៅស្រុក ដើម្បីធានាការចាក់ថ្នាំបង្ការ សម្រាប់ប្រទេស ដែលមានប្រជាជនច្រើនបំផុត នៅលើពិភពលោកមួយនេះ ។

យោងតាមសារព័ត៌មាន Bloomberg ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមហ៊ុន Shanghai Fosun Pharmaceutical Group Co. ដែលកាលពីខែមីនា បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន BioNTech ដើម្បីអភិវឌ្ឍ និង ដាក់លក់ថ្នាំចាក់ mRNA នៅក្នុងប្រទេសចិន នឹងធ្វើការទូទាត់ជាមុនចំនួន ២៥០ លានអឺរ៉ូ (៣០០ លានដុល្លារអាមេរិក) សម្រាប់ការចំណាយ ទៅលើវ៉ាក់សាំង ៥០ លានដុល្លារដំបូង ។ ក្រុមហ៊ុនផលិតវ៉ាក់សាំងអាល្លឺម៉ង់នឹងផ្គត់ផ្គង់មិនតិចជាង ១០០ លានដូសនោះទេ សំរាប់ប្រទេសចិននៅចុងឆ្នាំ ២០២១ ។ នេះបើតាមការឱ្យដឹងពី ក្រុមហ៊ុន Fosun នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលដាក់នៅផ្សារហ៊ុនហុងកុង កាលពីថ្ងៃពុធ។

ការសាកល្បងពិសោធន៍ ចាក់វ៉ាក់សាំង ដែលត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងស្រុក រួមមានក្រុមហ៊ុនចិន China National Biotec Group Co និង Sinovac Biotech Ltd. គឺជិតនឹងទទួលបានការយល់ព្រម ពីនិយតករថ្នាំចិនដោយរំពឹងថា នឹងទទួលបាន ១,៦ ពាន់លានដូស នឹងត្រូវផលិតនៅឆ្នាំ ២០២១ ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top