ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំ SEA GAMES ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ ក៏បានរៀបចំសេណារីយោដ៏ជាក់លាក់មួយ ដើម្បីប្រកួតដណ្ដើមមេដាយ ពេលនេះកម្ពុជា ត្រៀមបញ្ជូនកីឡាករកីឡាការិនី ប្រមាណ១០០នាក់ ឲ្យចេញទៅហ្វឹកហាត់រយៈពេលវែង នៅប្រទេសចិន ជប៉ុន និង សាធារណរដ្ឋកូរ៉េ ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជារិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំ SEA GAMES ឆ្នាំ២០២៣ បានមានប្រសាសន៍ថា នៅពេលឆាប់ៗខាងមុខនេះ យើងនឹងរៀបចំក្រុមធំជម្រើសជាតិ ជាង១០០នាក់ទៀត ឲ្យចេញទៅហ្វឹកហាត់នៅចិន កូរ៉េ និងជប៉ុនគឺក្នុងក្រុមធំជម្រើសជាតិនេះ គណៈកម្មាធិការជាតិ រៀបចំការប្រកួតស៊ីហ្គេមឆ្នាំ២០២៣។
ក្រោមការដឹកនាំ របស់សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិរៀបចំ SEA GAMES ឆ្នាំ២០២៣ បានរៀបចំផែនការរួចរាល់អស់ហើយ ចាំតែធ្វើការទំនាក់ទំនង ជាមួយភាគីចិន ជប៉ុន និងកូរ៉េ ក្នុងការហ្វឹកហាត់ពិសេសនេះតែប៉ុណ្ណោះ។
លោកបន្តថា ការហ្វឹកហាត់មានរយៈពេលវែង គឺពីពេលនេះរហូតដល់ឆ្នាំ២០២៣ ដោយក្នុងនោះមានទាំងផែនការហ្វឹកហាត់ និងការប្រកួតអន្តរជាតិជាប្រចាំ ដើម្បីវាស់ស្ទង់សមត្ថភាពពិតប្រាកដ ហើយកំណត់មេដាយសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ នៅពេលដែលយើងការហ្វឹកហាត់ និងការប្រកួតរបស់យើង មានភាពជាប់លាប់ល្អ។
លោកបានបញ្ជាក់ថា ការអភិវឌ្ឍធនធានមនុស្ស ផ្នែកជំនាញនិងការអភិវឌ្ឍអត្តពលិក គឺជាអាទិភាពនៃស៊ីហ្គេម ឆ្នាំ២០២៣ ដែលយើងទាំងអស់គ្នា ខិតខំប្រឹងប្រែង ឲ្យអស់ពីលទ្ធភាព ជំរុញយ៉ាងណាឲ្យអត្តពលិករបស់យើង មានសមត្ថភាពពិតប្រាកដ ក្នុងការប្រជែងយកមេដាយ មិនបន្លំ និងមិនសុំមេដាយពីគេ ដូចប្រសាសន៍ឯកឧត្តមបណ្ឌិត ថោង ខុន ថា យើងត្រូវធ្វើឲ្យមានលក្ខណៈ Fair play គឺការប្រកួតដោយស្មើភាពគ្នា និងយុត្តិធម៌ នៅពេលយើង ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣៕ ដោយ៖លី ភីលីព