វ៉ាស៊ីនតោន៖ អតីតរដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិក លោកស្រី Madeleine Albright បានឲ្យដឹងនៅថ្ងៃអង្គារនេះថា លោកស្រីរំពឹងថា រដ្ឋបាលបន្ទាប់ របស់សហរដ្ឋអាមេរិក នឹងបន្តដំណើរការការទូត ដែលបានរៀបចំ ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរ របស់កូរ៉េខាងជើង ដោយមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយប្រទេសកូរ៉េខាងត្បូង។
លោកស្រី Albright បានធ្វើការកត់សម្គាល់នេះ ក្នុងពេលជជែកតាមវីដេអូ ជាមួយរដ្ឋមន្ត្រីបង្រួបបង្រួម លី អ៊ីនយ៉ាំង នៅព្រឹកថ្ងៃដដែលនេះ ដោយលោកស្រី ដែលបានបម្រើការ ជារដ្ឋលេខាធិការ ក្រោមការគ្រប់គ្រង របស់ប្រធានាធិបតី Bill Clinton បានធ្វើដំណើរ ទៅកាន់ទីក្រុងព្យុងយ៉ាង ក្នុងឆ្នាំ២០០០ ហើយបានជួបជាមួយ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ីល ដែលជាឪពុករបស់មេដឹកនាំបច្ចុប្បន្ន។
នៅក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃអង្គារនេះ លោកស្រី Albright បានលើកឡើងថា លោកស្រីរំពឹងថា រដ្ឋបាលបន្ទាប់របស់សហរដ្ឋអាមេរិក នឹងជំរុញទៅមុខ ជាមួយនឹងដំណើរការការទូត ដែលបានរៀបចំ នៅក្នុងការសម្របសម្រួល យ៉ាងជិតស្និទ្ធជាមួយកូរ៉េខាងត្បូង ដើម្បីដោះស្រាយ បញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង។
យោងតាមក្រសួងបានឱ្យដឹងថា លោកស្រី បានអំពាវនាវឱ្យទីក្រុងសេអ៊ូល ទាក់ទងយ៉ាងជិតស្និទ្ធ ជាមួយរដ្ឋបាលលោក ចូ បៃដិន ដែលកំពុងចូលមក ដោយលើកឡើងថា កូរ៉េខាងត្បូង យល់ពីប្រទេសកូរ៉េខាងជើង ល្អបំផុត៕ ដោយ៖ ឈូក បូរ៉ា