ព័ត៌មានអន្តរជាតិ

យន្ដហោះចម្បាំងរុស្ស៊ី ស្ទាក់ចាប់យន្ដហោះ យោធាជប៉ុន នៅដែនសមុទ្រខាងកើត

ម៉ូស្គូ ៖ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា យន្ដហោះចម្បាំងរបស់ប្រទេសរុស្ស៊ី បានស្ទាក់ចាប់យន្តហោះយោធាជប៉ុនមួយគ្រឿង នៅលើដែនសមុទ្រខាងកើត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

ក្រសួងបានឲ្យដឹងថា ការត្រួតពិនិត្យដែនអាកាសរុស្ស៊ី បានរកឃើញវត្ថុអាកាសមួយខិតទៅជិតព្រំដែនរដ្ឋ របស់ប្រទេសរុស្ស៊ី លើដែនទឹកអព្យាក្រឹតនៃសមុទ្រជប៉ុន និងសមុទ្រកោះអូខុក។

យន្តហោះចម្បាំង Su-30 ត្រូវបានបញ្ជាឲ្យចេញប្រតិបត្ដិការស្ទាក់ចាប់ ហើយក្រុមអាកាសយានិកបានកំណត់គោលដៅថា ជាយន្ដហោះល្បាត OP-3C ដែលជាកម្មសិទ្ធិរបស់កងទ័ពអាកាសជប៉ុន ។

នៅក្នុងនោះដែរ យន្តហោះរុស្ស៊ី បន្ទាប់មកបានអមដំណើរយន្ដហោះជប៉ុន នៅលើដែនសមុទ្រជប៉ុន និងសមុទ្រកោះអូខុក ដើម្បីធានាថា វាមិនបានរំលោភព្រំដែនរដ្ឋរបស់រុស្ស៊ីនោះទេ៕

ដោយ ឈូក បូរ៉ា

Most Popular

To Top