តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន IRNA បានរាយការណ៍ថា អ៊ីរ៉ង់ បានចាប់ផ្តើមចុះឈ្មោះអ្នកស្ម័គ្រចិត្ត សម្រាប់ដំណាក់កាលដំបូង នៃការសាកល្បងរបស់មនុស្ស លើវ៉ាក់សាំងការពារជំងឺកូវីដ- ១៩ របស់ខ្លួនកាលពីថ្ងៃអង្គារ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។
លោក Mohammad Mokhber ប្រធាននាយកប្រតិបត្តិបានលើកឡើងថា “ តាមរយៈអាជ្ញាប័ណ្ណ របស់ក្រសួង សុខាភិបាល និងបន្ទាប់ពីទទួលបានជោគជ័យ នៃការធ្វើតេស្តវ៉ាក់សាំង ការចុះឈ្មោះអ្នក ដែលមានបំណងចូលរួមក្នុងដំណាក់កាល សាកល្បងនៃវ៉ាក់សាំង ការពារមេរោគថ្មីរបស់អ៊ីរ៉ង់ ចាប់ផ្តើមនៅថ្ងៃនេះ” ។
លោកបានបន្ថែមថា“ អ្នកដែលចាប់អារម្មណ៍ និងមានអាយុ និងស្ថានភាពកាយសម្បទាគ្រប់គ្រាន់ អាចចុះឈ្មោះក្នុងគម្រោងជាតិ មួយនេះនេះ” ។
នៅថ្ងៃអង្គារម្សិលមិញនេះ ប្រទេសអ៊ីរ៉ង់ ដែលជាប្រទេសមួយ ដែលរងគ្រោះធ្ងន់ធ្ងរជាងគេដោយសារជំងឺកូវីដ-១៩ នៅតំបន់មជ្ឈឹមបូព៌ា បានរាយការណ៍ថា មានករណីជំងឺកូវីដ- ១៩ សរុបចំនួន ១,១៧០,៧៤៣ ករណីរួមទាំងការស្លាប់ចំនួន ៥៤,០០៣ នាក់៕
ដោយ ឈូក បូរ៉ា