បរទេស ៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បាននិយាយប្រាប់ថា ការអះអាងធ្វើឡើង ដោយប្រទេសចិន ដែលថា ខ្លួនបានបណ្ដេញនាវាពិឃាត សមត្ថភាពមីស៊ីលអាមេរិក USS John S. McCain ចេញពីដែនទឹកសមុទ្រចិន ខាងត្បូងដែលមានជម្លោះ គឺមិនពិតនោះទេ ។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI បានឲ្យដឹងថា សេចក្តីថ្លែងការណមួយពីកងទ័ពជើងទឹក សហរដ្ឋអាមេរិក បានធ្វើការបញ្ជាក់ថា កងកម្លាំងអាមេរិក បានធ្វើប្រតិបត្តិការ នៅក្នុងដែនសមុទ្រចិនខាងត្បូងតាមប្រក្រតី ដូចដែលធ្លាប់បានធ្វើអស់រយៈជាង មួយសតវត្សមកហើយ ។
គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍ចិន ស្តីពីការបណ្ដេញនាវាពិឃាតិអាមេរិកនេះ គឺត្រូវបានធ្វើឡើង ក្រោយនាវាពិឃាតនោះ ធ្វើដំណើរឆ្លងកាត់ក្បែរក្រុមកោះតូចៗ តំបន់ថ្មប៉ប្រះទឹក និងកោះផ្កាថ្មនៅដែន សមុទ្រចិនខាងត្បូង ជាតំបន់មួយ ដែលអះអាងកម្មសិទិ្ធដោយចិន តៃវ៉ាន់ វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និងព្រុយណេ៕
ប្រែសម្រួល៖ប៉ាង កុង