វ៉ាស៊ីនតោន៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងពិចារណាថា តើដាក់ស្លាកការបង្ក្រាបរបស់រដ្ឋាភិបាលចិន ទៅលើជនជាតិភាគតិចមូស្លីមអ៊ុយហ្គ័រ របស់ខ្លួនថាជា“ អំពើប្រល័យពូជសាសន៍” ដែលជាបទឧក្រិដ្ឋយ៉ាងធ្ងន់ធ្ងរ ក្រោមច្បាប់អន្តរជាតិ ឬយ៉ាងណា។
ប្រសិនបើរដ្ឋបាលលោក ត្រាំ សម្រេចចិត្តធ្វើវាប្រាកដណាស់ថា នឹងដាក់សម្ពាធបន្ថែមទៀតលើចំណងដែលបានតានតឹងរួចទៅហើយ នៅតាមរណសិរ្សផ្សេងៗគ្នា ចំពេលមានការប្រកួតប្រជែងកាន់តែខ្លាំងឡើងរវាងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង។
មន្ត្រីរូបនោះបានប្រាប់ទីភ្នាក់ងារសារព័ត៌មានក្យូដូថា តាមបញ្ជារបស់រដ្ឋមន្រ្តីការបរទេសលោក Mike Pompeo លោក Morse Tan អគ្គរដ្ឋទូតទទួលបន្ទុកយុត្តិធម៌ព្រហ្មទណ្ឌពិភពលោក នឹងសិក្សាពីបញ្ហានេះ និងរាយការណ៍អំពីលទ្ធផល។ ប៉ុន្ដែពេលវេលានៅមិនទាន់ដឹងច្បាស់នៅឡើយទេ។
ការផ្លាស់ប្តូរនេះកើតឡើងនៅក្នុងសប្តាហ៍ចុងក្រោយ របស់លោក ត្រាំ នៅក្នុងការិយាល័យ។ រដ្ឋបាលបានបន្តចាត់វិធានការ ដើម្បីដាក់ សម្ពាធលើប្រទេសចិន សូម្បីតែបន្ទាប់ពីប្រធានាធិបតីសាធារណរដ្ឋ បានចាញ់គូប្រជែង អ្នកប្រជាធិបតេយ្យលោក ចូ បៃដិន នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ក៏ដោយ៕ដោយ ឈូក បូរ៉ា