បរទេស៖ យោងតាមការឲ្យដឹង ពីទីភ្នាក់ងារសហប្រតិបត្តិការ សន្តិសុខការពារជាតិ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានអនុម័តកិច្ចព្រមព្រៀង មានទំហំទឹកប្រាក់១២៨,១លានដុល្លារ នៅក្នុងសប្ដាហ៍នេះ ដើម្បីលក់យន្តហោះ King Air Scorpion ចំនួន៣គ្រឿង ឲ្យទៅប្រទេសកាហ្សាក់ស្ថាន។
កិច្ចព្រមព្រៀងនោះ នឹងបំពេញសំណើពីរដ្ឋាភិបាល របស់ប្រទេសកាហ្សាក់ស្ថាន សុំទិញយន្តហោះ៣គ្រឿង ឧបករណ៍ស៊ើបការណ៍សម្ងាត់ ផ្នែកទំនាក់ទំនង Raytheon AST TITAN ចំនួន៣ និងឧបករណ៍ចាប់សញ្ញា WESCAM MX-15HDiចំនួន៣។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ទីភ្នាក់ងារសហប្រតិបត្តិការ សន្តិសុខការពារជាតិ បាននិយាយថា ការលក់ដែលស្នើសុំនោះ នឹងគាំទ្រដល់គោលដៅ របស់គោលនយោបាយបរទេស និងគោលដៅសន្តិសុខជាតិ របស់សហរដ្ឋអាមេរិក តាមរយៈការធ្វើឲ្យប្រសើរឡើង នូវសន្តិសុខរបស់ប្រទេសជាដៃគូ ដែលជាកម្លាំង សម្រាប់ស្ថិរភាពនយោបាយ និងភាពរីកចម្រើនផ្នែកសេដ្ឋកិច្ច នៅតំបន់អាស៊ីកណ្ដាល៕ ប្រែសម្រួល៖ប៉ាង កុង