បរទេស៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មរុស្ស៊ីលោក Denis Manturov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាប្រទេសរុស្ស៊ីរំពឹងថា នឹងបង្កើនការផលិតវ៉ាក់សាំងការពារវីរុសកូវីដ១៩ ឈ្មោះ Sputnik V ឱ្យបានចំនួន ៣០ លានដូសនៅត្រឹមខែមិថុនា ឆ្នាំក្រោយ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Manturov នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុ RBC ថា «និយាយពីផលិតកម្មថ្នាំច្រើនជាង ២,៥ លាន នឹងត្រូវបានផលិតនៅក្នុងខែធ្នូគឺតិចជាងបន្តិចសម្រាប់ការប្រើប្រាស់ទៅលើជនស៊ីវិល ប៉ុន្តែនៅក្នុងខែមករាដែលយោងតាមផែនការដែលបានរៀបចំនិងអនុម័តរួចហើយដោយអ្នកផលិត គឺរំពឹងថា នឹងផលិតឱ្យបានចំនួន ៣,៥ លានដូស បន្ទាប់មកវានឹងកើនឡើងដល់ ១៨ នៅត្រឹមខែមេសានិងរហូតដល់ ៣០ លានដូស នៅខែមិថុនា។ ប៉ុន្តែខ្ញុំមានសុទិដ្ឋិនិយមថាវាអាចនឹងកើតឡើងលឿនជាងនេះទៅទៀត»។
ក្នុងកំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ គឺប្រទេសរុស្ស៊ីបានលេចមុខជាអ្នកនាំមុខគេក្នុងការអភិវឌ្ឍវ៉ាក់សាំង ខណៈដែលផលិតផលវ៉ាក់សាំងចំនួនពីររបស់ខ្លួនគឺ Sputnik V ដែលត្រូវបានអភិវឌ្ឍដោយវិទ្យាស្ថាន Gamaleya របស់ទីក្រុងម៉ូស្គូនិង វ៉ាក់សាំង EpiVacCorona ដែលត្រូវបានបង្កើតឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវ Vector របស់ប្រទេសស៊ីបេរី ស្ថិតក្នុងដំណាក់កាលសាកល្បងគ្លីនិកទី ៣ រួចហើយ។ វ៉ាក់សាំងមួយទៀតដោយមជ្ឈមណ្ឌលស្រាវជ្រាវ Chumakov នៃបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ី នឹងចាប់ផ្តើមសាកល្បងដំណាក់កាលទី ៣ នៅដើមឆ្នាំ ២០២១។ ការសាកល្បងព្យាបាលដោយថ្នាំវ៉ាក់សាំង Sputnik V ដែលជាអ្នកត្រួសត្រាយផ្លូវនោះ បានបង្ហាញថា អត្រាប្រសិទ្ធភាពរបស់វាមានជាង ៩០ ភាគរយ៕