បរទេស៖ សារព័ត៌មានបរទេស ចេញផ្សាយកាលពីថ្ងៃសុក្រម្សិលមិញ បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់ម្នាក់ របស់ក្រសួងការពារជាតិជប៉ុនបានធ្វើការអំពាវនាវ សុំឲ្យប្រធានាធិបតី អាមេរិកថ្មីលោក Joe Biden មានជំហដ៏រឹងម៉ាំមួយ ទៅលើការជួយគាំទ្រ កោះតៃវ៉ាន់ ក្នុងការប្រឈមមុខ ទៅនឹងភាពក្រេវក្រោធរបស់ចិន។
លោកអនុរដ្ឋមន្ត្រី Yasuhide Nakayama បានថែមទាំងហៅថា ដំណាក់កាលពេលនេះ រវាងតៃវ់ាន់ និងចិនគឺស្ថិតនៅក្នុង តំបន់ព្រំដែនក្រហម ទៅហើយនិង បញ្ជាក់ថាលោកពិតជា បារម្ភថាចិនពិតជានឹងពង្រីកអំណាចរបស់ខ្លួន លើសពីក្រុងហុងកុង ទៅកាន់តំបន់ផ្សេងទៀត ដែលជាគោលដៅ។
គួរឲ្យដឹងដែរថា កាលពីគ្រានៅធ្វើ យុទ្ធនាការ បោះឆ្នោតនាពេលកន្លងមក លោកប្រធានាធិបតីថ្មី Joe Biden លោកធ្លាប់បានបញ្ជាក់ហើយថា លោកនឹងពង្រឹង ទំនាក់ទំនងជាមួយ នឹងកោះតៃវ៉ាន់ ឲ្យដូចទៅនឹងបណ្តា ប្រទេសផ្សេងទៀត ដែលជាអ្នកប្រកាន់ប្រជាធិបតេយ្យ៕ ប្រែសម្រួល៖ស៊ុនលី