ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអាំរ៉ាប់ នៅតំបន់ឈូង សមុទ្រនានា ពិភាក្សាគ្នាពីវិធានការ ដោះស្រាយជម្លោះការទូត

បរទេស ៖ រដ្ឋមន្ត្រីការបរទេស អារ៉ាប់នៅតំបន់ឈូងសមុទ្រនានា បានប្រារព្ធធ្វើកិច្ចប្រជុំមួយ នៅថ្ងៃអាទិត្យម្សិលមិញនេះ នៅមុនជំនួបកំពូលមួយ ដើម្បីពិភាក្សាពីវិធានការ ឆ្ពោះទៅរកការបញ្ចប់ជម្លោះការទូត ដែលធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាពតំបន់ និងបានរារាំងដល់កិច្ចប្រឹងប្រែង របស់ទីក្រុងវ៉ាស៊ីនតោន បង្កើតការបង្រួបបង្រួម ជួរមុខប្រឆាំងអ៊ីរ៉ង់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ប្រទេសបារ៉ែន បាននិយាយថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រឹក្សាសហប្រតិបត្តិការតំបន់ឈូងសមុទ្រ ដែលខ្លួនបានធ្វើជាម្ចាស់ផ្ទះនៅថ្ងៃអាទិត្យនោះ នឹងត្រៀមរៀបចំមូលដ្ឋានសម្រាប់ជំនួបកំពូល GCC Summit លើកទី៤១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមករាខាងមុខនេះ។

គួរបញ្ជាក់ថា ប្រទេសអារ៉ាប៊ីសាអូឌីត សហភាពអារ៉ាប់រួម និងបារ៉ែន បានមានចំណងមិត្តភាព ការទូតដ៏អាក្រក់ជាមួយប្រទេសកាតា នៅក្នុងឆ្នាំ២០១៧ ដោយចោទប្រកាន់កាតាពីបទគាំទ្រ ដល់ក្រុមភេរវករ ប៉ុន្តែទីក្រុងដូហា បានធ្វើការបដិសេធ ចំពោះការចោទប្រកាន់នោះ និងបានចោទប្រទេសជិតខាងខ្លួន ពីបទព្យាយាមធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យភាព របស់ខ្លួន៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top