ភ្នំពេញ ៖ កីឡាករវ៉ូវីណាមឆ្នើមកម្ពុជា ២នាក់បងប្អូនបង្កើត ត្រកូលម៉េតប្តេជ្ញាចិត្ត ដណ្តើមមេដាយកម្រិតណាមួយ ជូនប្រទេសជាតិ នៃព្រឹត្តិការណ៍ការ ប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅប្រទេសវៀតណាម លើកដំបូងរបស់ខ្លួន និងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ដែលប្រទេសកម្ពុជា ធ្វើម្ចាស់ផ្ទះការប្រកួត ។
កីឡាករវ៉ូវីណាមឆ្នើម ម៉េត សារី ម្ចាស់មេដាយមាស កម្រិតពិភពលោក បានប្រាប់ឲ្យដឹងថា ការប្រកួតកីឡា SEA GAMES កន្លងមករូបខ្ញុំ មិនបានចូលរួមទេ ប៉ុន្តែ SEA GAMES 2021 លើកទី៣១ នៅប្រទេសវៀតណាម យើងខ្ញុំប្តេជ្ញានឹងប្រឹងប្រែងយ៉ាងមុតម៉ាំ ក្នុងការដណ្តើមមេដាយកម្រិតណាមួយ ជូនប្រទេសជាតិ របស់ខ្ញុំជានិច្ច ទោះបីបញ្ហាមេរោគCOVID-19ធ្វើឲ្យពួកយើងមិនអាចធ្វើការ ហ្វឹនហាត់ជុំគ្នាក៏ដោយ ក៏ពួកយើងធ្វើការហ្វឹកហាត់ តាមផ្ទះរៀងៗខ្លួន ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសតាមកម្មវិធី របស់គ្រូយ៉ាងខ្ជាប់ខ្ជួន។
កីឡាកររូបនេះ បានបន្តថា មុននឹងទទួលបានគុណផល មកដល់ថ្ងៃនេះខ្ញុំបានចំណាយ អស់រយៈពេល៥ឆ្នាំ ដោយចូលរួមហ្វឹកហាត់កីឡាវ៉ូវីណាម ចាប់តាំងពីឆ្នាំ២០១៦ មកដល់ពេលបច្ចុប្បន្ននេះ ហើយបានក្លាយជាកីឡាករជម្រើសជាតិ វ៉ូវីណាម ក្នុងឆ្នាំ២០១៧ ។
ចូលរួមការប្រកួតកីឡាវ៉ូវីណាម កម្រិតអន្តរជាតិ ជាច្រើនរួមមានការប្រកួត កីឡាវ៉ូវីណាមជើងឯក អាស៊ីអគ្នេយ៍លើកទី៤ នៅកម្ពុជា និងទី៥ នៅប្រទេសមីយ៉ាន់ម៉ា ទទួលបានមេដាយមាស១គ្រឿង មេដាយប្រាក់១គ្រឿង សំរិទ្ធ២គ្រឿង ការប្រកួតកីឡាវ៉ូវីណាមជើងឯក អាស៊ីលើកទី៥ នៅឥណ្ឌូលនេស៊ី ទទួលបានមេដាយមាស២គ្រឿង មេដាយប្រាក់២គ្រឿង សំរិទ្ធ២គ្រឿង ។
ការប្រកួតកីឡាវ៉ូវីណាមជើងឯកនិស្សិត លើកទី១៩ នៅប្រទេសមីយ៉ាន់ម៉ា ទទួលបានមេដាយប្រាក់២គ្រឿង និង់ព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាម ជើងឯកពិភពលោក លើកទី៦ “The 6th WVVF World Vovinam Championships 2019” ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ទទួលបានមេដាយមាស២គ្រឿង មេដាយប្រាក់២គ្រឿង ។
កីឡាករវ៉ូវីណាមឆ្នើម ម៉េត សុភត្ក្រា បានប្រាប់ឲ្យដឹងថា ចំពោះការប្រកួតកីឡា SEA GAMES ទំាង២លើសូមប្តេជ្ញាចិត្ត ទាំងកាយ និងកម្លាំងចិត្តនឹងខិតខំប្រឹងប្រែង ហ្វឹកហាត់ដើម្បីដណ្តើមមេដាយ កម្រិតណាមមួយជូនជាតិ ។ ទោះបីឥឡូវនេះយើង កំពុងជួបបញ្ហាប្រឈមនោះ គឺមេរោគCOVID-19 ធ្វើឲ្យពួកយើងមិនបានហ្វឹកហាត់ជុំគ្នា ទោះជាយ៉ាងណាក៏ដោយ គឺកីឡាករ-កីឡាការិនី យើងធ្វើការហ្វឹកហាត់ តាមផ្ទះជាលក្ខណៈអនឡាញ ដោយមានការបង្ហាត់ និងណែនាំពីសំណាក់លោកគ្រូបរទេស និងគ្រូខ្មែរបន្ថែម។
កីឡាករវ៉ូវីណាមឆ្នើម រូបនេះបន្តថា សម្រាប់រូបខ្ញុំផ្ទាល់សង្ឃឹមថា ឆ្នាំក្រោយពួកយើង អាចប្រមូលផ្តុំហ្វឹកហាត់ ជុំគ្នាឡើងវិញ ឲ្យមានសមត្ថភាពផ្នែកបច្ចេកទេស ធ្វើជាដើមទុនចូលរួមការ ប្រកួតកីឡាSEA GAMES 2021 លើកទី៣១ នៅប្រទេសវៀតណាមដូកជាកីឡា SEA GAMES 2023 លើកទី៣២ ដែលប្រទេសកម្ពុជាធ្វើម្ចាស់ផ្ទះ។
ខ្ញុំចូលរួមហ្វឹកហាត់កីឡាវ៉ូវីណាម ចាប់តាំងពីឆ្នាំ២០១៤មកដល់ពេលបច្ចុប្បន្នរយៈពេល៦ឆ្នានេះ ហើយបានក្លាយជាកីឡាករជម្រើសជាតិ វ៉ូវីណាម ក្នុងឆ្នាំ២០១៨។
ការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ី អគ្នេយ៍លើកទី៤នៅកម្ពុជា និងទី៥ នៅប្រទេសមីយ៉ាន់ម៉ា ទទួលបានមេដាយមាស២គ្រឿង និងសំរិទ្ធ ១គ្រឿង ការប្រកួតកីឡាវ៉ូវីណាម ជើងឯកអាស៊ីលើកទី៥ នៅឥណ្ឌូនេស៊ី ទទួលបានមេដាយមាស៣គ្រឿង សំរិទ្ធ១គ្រឿង និងព្រឹត្តិការណ៍ការប្រកួត កីឡាវ៉ូវីណាមជើងឯកពិភពលោក លើកទី៦ “The 6th WVVF World Vovinam Championships 2019” ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ទទួលបានមេដាយមាស១គ្រឿង មេដាយប្រាក់៣គ្រឿង និងមេដាយប្រាក់៥គ្រឿង ៕