បរទេស ៖ យោងតាមការចេញផ្សាយ របស់ Indian Express តាមរយៈការបញ្ជាក់ប្រាប់ ដោយរដ្ឋមន្ត្រីក្រសួង សាធារណៈការ និងដឹកជញ្ជូន លោក Nitin Gadkari បានឲ្យដឹងថា ក្រុមហ៊ុនផលិតថយន្តអគ្គិសនីដ៏ល្បី Tesla នឹងចាប់ផ្តើមមានវត្តមាន របស់ខ្លួន នៅក្នុងប្រទេសឥណ្ឌា ហើយចាប់ពីដើមឆ្នាំក្រោយ។
លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា ក្រុមហ៊ុនយក្សអាមេរិកមួយនេះ នឹងចាប់ផ្តើម ដំបូងជាមួយ នឹងការលក់រថយន្តរបស់ខ្លួន នៅទីនេះជាមុនសិន ហើយបន្ទាប់មកនឹងធ្វើការស្វែង រកឱកាស ដើម្បីអាចបង្កើតរោងចក្រផលិត រថយន្តដើម្បីផ្គត់ផ្គង់នៅក្នុងទីផ្សារនេះតែម្តង។
គួរឲ្យដឹងដែរថា កន្លងមកប្រទេសឥណ្ឌា បានបង្ហាញពីបំណងក្នុងការកាត់បន្ថយការ ប្រើប្រាស់ប្រេងឥន្ធនៈ និងការកាត់បន្ថយការ បំពុលអាកាសផង ដែរតាមរយៈការផ្សព្វផ្សាយ ឲ្យមានការប្រើប្រាស់រថយន្តអគ្គិសនីជំនួសវិញ ប៉ុន្តែបញ្ហាប្រឈមមុខ ដូចជាកង្វះវិនិយោគ និងបច្ចេកវិទ្យាបានធ្វើឲ្យផែនការ របស់ខ្លួនរាំងស្ទះ៕
ប្រែសម្រួល៖ស៊ុនលី