កីឡា

លោក ថោង ខុន វាយតម្លៃខ្ពស់ ចំពោះក្រុមការងារ សាងសង់ពហុកីឡដ្ឋានជាតិ មរតកតេជោ ក្នុងដំណាក់កាលកូវីដ-១៩

ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការបច្ចេកទេស សម្រាប់គម្រោង សាងសង់ពហុកីឡដ្ឋានជាតិ មរតកតេជោ នៅថ្ងៃទី២៨ ខែធ្នូនេះ បានដឹកនាំប្រតិភូ ចុះត្រួតពិនិត្យវឌ្ឍនភាព ការសាងសង់នៃកីឡដ្ឋានធំ (Main Stadium) និងបានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងសារជូនពរពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដល់ថ្នាក់ដឹកនាំសាងសង់ វិស្វករ និងកម្មករទាំងភាគីចិន និងកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២១ ខាងមុខផងដែរ។

ឆ្លៀតឱកាសនោះ លោករដ្ឋមន្ដ្រីបានធ្វើការវាយតម្លៃខ្ពស់ ចំពោះក្រុមការងារសាងសង់ ពិសេសក្រុមហ៊ុនសាងសង់ CSCEC តំណាងភាគីចិន រួមទាំងកម្មករសរុប ៥៣៤នាក់ ដែលបានខិតខំប្រឹងប្រែងសាងសង់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងដំណាក់ កាលវិបត្តិកូវីដ-១៩ ដោយបន្ដការសាងសង់ធម្មតា និងជំរុញឲ្យសំណង់ជាប្រវត្តិសាស្ដ្រ លេចរូបរាងឡើង រហូតមកទល់ពេលនេះ សម្រេចលទ្ធផលបានប្រមាណ ៨៥% ហើយគ្រោងនឹងបញ្ចប់ទាំងស្រុង នៅដំណាច់ខែឧសភា ឆ្នាំ២០២១ ខាងមុខ។

លោក ថោង ខុន បានថ្លែងថា «ថ្ងៃនេះ គណៈកម្មការបច្ចេកទេសបានមកជួបជុំគ្នា ដើម្បីជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២១ ហើយអរគុណពួកគាត់ និងកោតសរសើរដល់កិច្ចខិតខំ របស់គាត់ប្រកបដោយការទទួលខុសត្រូវ ពិសេសយើងសង្កេតឃើញក្នុងដំណាក់កាលកូវីដ-១៩ ការសាងសង់អត់មានឈប់ទេ គាត់គ្រប់គ្រងបានល្អណាស់ ទាំងកម្មករខ្មែរ និងកម្មករចិន» ។

លោក រដ្ឋមន្ដ្រីបន្ដថា «ក្នុងដំណាក់កាលកូវីដ-១៩ ក៏ត្រូវការអ្នកជំនាញចិនប្រហែល ៥៩នាក់ ដើម្បីរៀបចំដំបូល និងការងារមួយចំនួនដែរ ហើយយើងបានសម្រួលជាមួយគណៈកម្មការអន្ដរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដើម្បីឲ្យពួកគាត់បានមក តែត្រូវអនុវត្តវិធានក្រសួងសុខាភិបាលយ៉ាងម៉ត់ចត់ ដោយធ្វើចត្ដាឡីស័ក ១៤ថ្ងៃ។ ដូច្នេះការសាងសង់នៅទីនេះ គឺអត់មានយឺតទេ ទោះការងារខ្លះយឺតតិចតួច ដោយសារសម្ភារៈមួយចំនួន ត្រូវដឹកមកពីក្រៅប្រទេស ដូចជាដំបូល ដែលដឹកនាំពីប្រទេសអាល្លឺម៉ង់ជាដើម»។

ផ្អែកលើសមិទ្ធផលដែលកំពុងបង្ហាញរូបរាងដ៏ទាក់ទាញនេះ ឯកឧត្តមបណ្ឌិត ថោង ខុន បានចាត់ទុកនេះគឺជាមោនទភាពជាតិមួយសម្រាប់ចំណងមិត្តភាព សាមគ្គីភាពរវាងចិន និងកម្ពុជា ហើយក៏ជាសម្បត្តិដ៏អស្ចារ្យដែលជាអនុស្សាវរីយ៍ សម្រាប់ប្រជាជនកម្ពុជាបច្ចុប្បន្ន និងកូនចៅជំនាន់ក្រោយផងដែរ។

សូមបញ្ជាក់ថា បន្ទាប់ពីសាងសង់សំណង់រឹងស្ទើររួចរាល់ ១០០% បច្ចុប្បន្នក្រុមការងារសាងសង់ កំពុងមមាញឹកក្នុងការបំពាក់ដំបូល ដោយសម្រេចបានលទ្ធផលប្រមាណ ៧០% និងជញ្ជាំង ដែលរំលេចនូវផ្ការំដួល បានសម្រេចលទ្ធផលប្រមាណជាង ៩០%។ រីឯការតុបតែងបន្ទប់ និងការសាងសង់ទីលានស្មៅធម្មជាតិ ក៏ដូចជាទីលានរត់អត្តពលកម្មវិញ ក៏កំពុងដំណើរការសាងសង់ជាបន្ដបន្ទាប់ផងដែរ។

កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិ មរតកតេជោនេះ បានបើកការដ្ឋានសាងសង់ តាំងពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន ដែលជាជំនួយឥតសំណង របស់រដ្ឋាភិបាល និងប្រជាជនចិន ក្នុងរង្វង់ទឹកប្រាក់ប្រមាណ ១៦០លានដុល្លារ។ សមិទ្ធផលដ៏ធំសម្បើម ដែលអាចផ្ទុកអ្នកទស្សនាបានប្រមាណ ៦ម៉ឺននាក់នេះ គឺសាងសង់ឡើង ដើម្បីត្រៀមស្វាគមន៍ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា៕ដោយ៖លី ភីលីព

Most Popular

To Top