ព័ត៌មានអន្តរជាតិ

រុស្ស៊ីធ្វើការជាមួយអាមេរិក រឹបអូសកូកាអ៊ីន និងចាប់ខ្លួនឈ្មួញទុច្ចរិត 

បរទេស៖ ទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួនបានធ្វើសហការជាមួយអាជ្ញាធរសហរដ្ឋអាមេរិក រឹបអូសបានកូកាអ៊ីនមានបរិមាណដ៏ច្រើន និងបានបំបែកការរត់ពន្ធគ្រឿងញៀនអន្តរជាតិ។

នៅក្នុងសេចក្តីថ្លែងការណ៍ដ៏កម្រមួយ ស្តីពីសហប្រតិបត្តិការអនុវត្តច្បាប់រវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន ទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី បាននិយាយថា ខ្លួនរឹបអូសបានកូកាអ៊ីន៣៣០គីឡូក្រាម ដែលភាគច្រើនក្នុងតំបន់ទីក្រុងមូស្គូ នៅក្នុងប្រតិបត្តិការរួមគ្នាជាមួយរដ្ឋបាលអនុវត្តន៍ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក នៅក្នុងឆ្នាំនេះ។

តាមសេចក្តីរាយការណ៍ ទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី បាននិយាយផងដែរថា ប្រតិបត្តិការរួមគ្នា ដែលបានចាប់ផ្តើមឡោះងនៅក្នុងទីក្រុង St. Petersburg កាលពីខែឧសភានោះ ជួយកំណត់អត្តសញ្ញាណ និងឃាត់ខ្លួនសមាជិកក្រុមឧក្រិដ្ឋកម្ម ដែលរត់ពន្ធកូកាអ៊ីន ពីអាមេរិកខាងត្បូង ទៅកាន់តំបន់អឺរ៉ុបនិងប្រទេសរុស្ស៊ី៕ប្រែសម្រួល៖ប៉ាង កុង


Most Popular

To Top