បរទេស៖ ក្រុមហ៊ុនឱសថ Celltrion របស់ប្រទេសកូរ៉េខាងត្បូង រំពឹងថា នឹងចាប់ផ្តើមការព្យាបាលជំងឺកូវីដ១៩ នៅដើមខែក្រោយ ដោយនេះបានបង្កើនក្តីសង្ឃឹមថា វានឹងអាចប្រយុទ្ធប្រឆាំងនឹងវីរុសថ្មី ដែលកំពុងបង្កការភ័យខ្លាច ដោយសារតែការឆ្លងខ្ពស់។
យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមក្រុមហ៊ុន ថា ខ្លួនបានដាក់ពាក្យសុំការយល់ព្រម តាមលក្ខខណ្ឌសម្រាប់ការព្យាបាល ដោយប្រើ CT-P59 របស់ខ្លួនទៅក្រសួងសុវត្ថិភាព ចំណីអាហារនិងឱសថ។ ការយល់ព្រមតាមលក្ខខណ្ឌ ត្រូវបានផ្តល់ឱ្យថ្នាំថ្មីមួយ ដែលបានបញ្ចប់ការសាកល្បង ព្យាបាលដំណាក់កាលទី២ ប្រសិនបើមិនមានការព្យាបាលផ្សេងទៀត សម្រាប់ជំងឺនេះទេ។ អ្នកអភិវឌ្ឍន៍វ៉ាក់សាំង តម្រូវឱ្យបន្តនិងបញ្ចប់ ការសាកល្បងព្យាបាលក្នុងពេលតែមួយ។
ប៉ុន្មានម៉ោង បន្ទាប់ពីទទួលបានពាក្យសុំ របស់ក្រុមហ៊ុន Celltrion ក្រសួងសុវត្ថិភាពចំណីអាហារនិងឱសថ បាននិយាយថា ខ្លួនបានចាប់ផ្តើមពិនិត្យហើយ។
កាលពីដើមសប្តាហ៍នេះ ក្រសួងបាននិយាយថា ខ្លួននឹងកាត់បន្ថយរយៈពេល នៃការត្រួតពិនិត្យឡើងវិញសម្រាប់ថ្នាំ ដើម្បីព្យាបាលជំងឺកូវីដ១៩ ពី ១៨០ ថ្ងៃ មកត្រឹម ៤០ ថ្ងៃ។ ដោយមើលឃើញបែបនេះ ការព្យាបាលត្រូវបានគេរំពឹងថា នឹងមាននៅចុងខែមករា។
ការសាកល្បងដំណាក់កាលទី ២ ត្រូវបានធ្វើឡើងលើអ្នកជំងឺ ៣២៧ នាក់នៅក្នុងប្រទេសកូរ៉េ រ៉ូម៉ានី អេស្ប៉ាញ និងសហរដ្ឋអាមេរិក ហើយការចាក់ថ្នាំព្យាបាលចុងក្រោយ បានធ្វើឡើងនៅថ្ងៃទី ២៥ ខែវិច្ឆិកា។ ក្រុមហ៊ុន Celltrion បាននិយាយថា ខ្លួនបានសម្រេចចិត្ត ដាក់ពាក្យសុំការយល់ព្រម ក្នុងស្រុកភ្លាមៗ បន្ទាប់ពីការសាកល្បង ពីព្រោះ“ ក្រុមហ៊ុនជឿជាក់ថា ខ្លួនមាន ធានានូវភ័ស្តុតាងនិងទិន្នន័យគ្រប់គ្រាន់ ដើម្បីដាក់ពាក្យស្នើសុំការយល់ព្រម៕ ប្រែសម្រួលៈ ណៃ តុលា