ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង នឹងបើកសមាជបក្សលើកទី៨ នៅដើមខែក្រោយ

សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានផ្លូវការកណ្តាលកូរ៉េ (KCNA) បានរាយការណ៍នៅថ្ងៃពុធនេះថា សមាជគណបក្សលើកទី៨ នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ នឹងត្រូវប្រារព្ធធ្វើឡើងនៅដើមខែមករា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ភ្នាក់ងារព័ត៌មាន KCNA បានឲ្យដឹងថា មេដឹកនាំប្រទេសរួមទាំងមេដឹកនាំកំពូលលោក គីម ជុងអ៊ុន បានប្រមូលផ្តុំគ្នានៅឯកិច្ចប្រជុំលើកទី២២ នៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលទី៧ នៃគណបក្សពលករកូរ៉េ (WPK) នៅថ្ងៃអង្គារម្សិលមិញនេះ ដែលពួកគេបានពិនិត្យមើលបញ្ជីឈ្មោះប្រតិភូដែលត្រូវបានគេបោះឆ្នោតជ្រើសរើស នៅក្នុងសន្និសីទរបស់អង្គការគណបក្សគ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស។

 ការិយាល័យនយោបាយ បានសិក្សាពីការរៀបចំសម្រាប់សមាជលើកទី៨ នៃ WPK និងបានអនុម័តសេចក្តីសម្រេចចិត្ត ស្តីពីការធ្វើសមាជនៅដើមខែមករា ឆ្នាំ២០២១ ។

 ការិយាល័យនយោបាយក៏បានធ្វើការសិក្សា និងពិភាក្សាស៊ីជម្រៅលើបញ្ហាសំខាន់ៗមួយចំនួនដែលត្រូវបញ្ជូនទៅសមាជបក្ស និងធ្វើការសម្រេចចិត្តពាក់ព័ន្ធផងដែរ៕ដោយ ឈូក បូរ៉ា

Most Popular

To Top