សេអ៊ូល៖ក្រុមហ៊ុនបច្ចេកវិទ្យាយក្សប្រទេសកូរ៉េខាងត្បូងបាននិយាយថា ខ្លួននឹងពង្រីកការផលិតបន្ទះកញ្ចក់គ្រីស្តាល់រាវ “LCD” សម្រាប់ទូរទស្សន៍ និងម៉ូនីទ័រនៅពេលមនុស្សកាន់តែច្រើនស្វែងរកការកម្សាន្តនៅផ្ទះក្នុងកំឡុងពេល មានជំងឺរាតត្បាតរាលដាលមេរោគCOVID-19 យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។
ការសម្រេចចិត្តរបស់Samsung Display សម្រាប់ការពង្រីកផលិតកម្ម LCD នៅប្រទេសកូរ៉េខាងត្បូងក្នុងរយៈពេលមិនជាក់លាក់មួយ បានបដិសេធការប្រកាសរបស់ខ្លួនកាលពីខែមីនាថា ខ្លួននឹងបញ្ចប់ការផលិតទាំងអស់ នៅចុងឆ្នាំនេះដើម្បីផ្តោតលើបច្ចេកវិទ្យាជឿនលឿនជាងមុន។ Samsung Display បាននិយាយថា រយៈពេលនៃការពន្យាពេលនឹងអាស្រ័យ លើការពិចារណាអំពីប្រាក់ចំណេញ និងលក្ខខណ្ឌទីផ្សារ។ វាបាននិយាយនៅចុងខែតុលាថា ខ្លួនកំពុងពិចារណាលើការពន្យារពេលខ្លី។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក IT Chosun បានរាយការណ៍ថា ផលិតកម្មនឹងត្រូវពន្យារពេលមួយឆ្នាំតាមការស្នើសុំរបស់ផ្នែកផលិតកម្មដែលបង្កើតដោយក្រុមហ៊ុន Samsung Electronics ដោយដកស្រង់ប្រភពប្រភពឧស្សាហកម្មបច្ចេកវិទ្យាដែលមិនបញ្ចេញឈ្មោះ។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Samsung Display បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍របស់ IT Chosun ទេ។
យោងតាមក្រុមហ៊ុនស្រាវជ្រាវបច្ចេកវិទ្យា TrendForce បានឲ្យដឹងថា និន្នាការស្នាក់នៅផ្ទះដែលបង្កឡើងដោយជំងឺឆ្លងរាតត្បាតបានធ្វើឲ្យមានការកើនឡើង ៣០ ភាគរយពីមួយត្រីមាសទៅមួយត្រីមាសនៅក្នុងតម្រូវការបន្ទះពិភពលោកនៅត្រីមាសទី ៣ ក្នុងឆ្នាំនេះ។ ទោះយ៉ាងណាក្រុមហ៊ុនបានបន្ថែមទៀតថា លំហូរចូលនៃសមត្ថភាពផលិតកម្មកាន់តែច្រើនពីក្រុមហ៊ុនផលិត LCD របស់ចិនទំនងជានឹងធ្វើឲ្យបរិមាណផ្គត់ផ្គង់ធ្លាក់ចុះនៅឆ្នាំក្រោយ។
Samsung បានផលិតបន្ទះអេក្រង់ LCD ទាំងនៅក្នុងប្រទេសកូរ៉េខាងត្បូង និងចិនប៉ុន្តែកាលពីដើមឆ្នាំនេះក្រុមហ៊ុន បានលក់ភាគហ៊ុនភាគច្រើននៅក្នុងអង្គភាពផលិតកម្ម Suzhou LCD របស់ខ្លួនទៅឲ្យក្រុមហ៊ុន China Star Optoelectronics Technology របស់ TCL Technology Group Corp ៕ដោយ៖លី ភីលីព