បរទេស ៖ រដ្ឋបាលរបស់លោក ត្រាំ នៅថ្ងៃអង្គារសប្ដាហ៍នេះ បានអនុម័តយល់ព្រមលក់អាវុធ មានទំហំទឹកប្រាក់ ប្រមាណ៣០០លានដុល្លារ ឲ្យទៅប្រទេសអារ៉ាប៊ីសាអូឌីត នេះបើយោងតាមសេចក្តី រាយការណ៍មួ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI ។
ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខ ការពារជាតិ របស់ក្រសួងការបរទេស បានប្រកាសថា ខ្លួនទើបបានអនុម័ត លក់គ្រាប់បែក GBU-39 ផលិតដោយក្រុមហ៊ុន Boeing ចំនួន៣.០០០គ្រាប់ និងសម្ភារៈពាក់ព័ន្ធឲ្យទៅប្រទេស សម្ពន្ធមិត្តនៅតំបន់មជ្ឈិមបូព៌ា សម្រាប់ទឹកប្រាក់២៩០លានដុល្លារ ។
សេចក្តីថ្លែងការណ៍មួយបាននិយាយដូច្នេះថា “ការលក់ដែលស្នើឡើងនេះ នឹងគាំទ្រដល់គោល នយោបាយបរទេស និងគោលដៅសន្តិសុខជាតិសហរដ្ឋអាមេរិក ដោយជួយធ្វើឲ្យប្រសើរឡើង នូវសន្តិសុខរបស់ប្រទេសជាមិត្ត ដែលបន្តជាកម្លាំងដ៏សំខាន់ សម្រាប់ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច នៅតំបន់មជ្ឈិមបូព៌ា”៕
ប្រែសម្រួល៖ប៉ាង កុង