កីឡា

លោក ស សុខា ជួបសំណេះសំណាលជាមួយក្រុមគ្រូបង្វឹក កីឡាករ-កីឡាការិនីត្រៀមជើងឯកប៉េតង់ពិភពលោក

ភ្នំពេញ ៖លោក ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានជួបសំណេះសំណាលជាមួយក្រុមគ្រូបង្វឹក កីឡាករ-កីឡាការិនីប៊ូល និងប៉េតង់កម្ពុជាត្រៀមចូលរួមប្រកួតកីឡាប៊ូល និងប៉េតង់ពិភពលោក យុវជន និងស្ត្រី លើកទី១៧ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។


លោក ស សុខាបានមានប្រសាសន៍ថា ការប្រកួតកាន់តែខិតជិតមកដល់ហើយនៅសល់តែប៉ុន្មានថ្ងៃទៀតទេ ដូច្នេះកីឡាករ-កីឡាការិនីត្រូវប្រយ័ត្នប្រយែងការហូបចុក និងថែទាំសុខភាពឲ្យបានល្អ ព្រមទំាងខិតខំហ្វឹកហាត់បន្ថែមទៀត។ ក្នុងនាមជាម្ចាស់ផ្ទះត្រូវស្វាគមន៍ក្រុមភ្ញៀវយ៉ាងកក់ក្តៅ និងត្រូវធ្វើការប្រកួតឲ្យអស់សមត្ថភាពដូចការប្រកួតនៅក្រៅប្រទេសដែរ។
ក្នុងឳកាសជួបសំណេះសំណាលលោក ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានឧបត្ថម្ភដល់គ្រូបង្វឹក កីឡាករ-កីឡាការិនីក្នុងមួយម្នាក់ទឹកប្រាក់ចំនួន២៥០ដុល្លារ (១លានរៀល)។

សម្រាប់បុរសក្រុមទី១មានកីឡាករ ឃួន លីហ៊ កីឡាករ កុយ សុភក្ត្រា កីឡាករ ភាព រ៉ាឃីម និង កីឡាករគង់ កែវសុខាន់ ចំពោះក្រុមទី២មានកីឡាករ ទីវ រដ្ឋាកីឡាករ ពុត យ៉ុនច័ន្ទដារ៉ា កីឡាករវ៉ាន ភារុណ និកីឡាករហេង ស៊ីណា ព្រមទំាងគ្រូបង្វឹក គ្រូជំនួយចំនួន៣នាក់
ចំណែកកីឡាការិនីទាំង២ក្រុមវិញនោះក្រុមទី១មានកីឡាការិនីកែ ឡេងដែលជាម្ចាស់មេដាយមាសជើងឯកពិភពលោក៣សម័យកាល កីឡាការិនីអ៊ុក ស្រីមុំ កីឡាការិនីអ៊ុន ស្រីយ៉ា និង កីឡាការិនីកែវ សុវណ្ណា រីឯ ក្រុមទី២វិញនោះមានកីឡាការិនីស្រ៊ាង សុរ៉ាឃីម កីឡាការិនីវង ចន្ថា កីឡាការិនីឃួន យ៉ារី និង កីឡាការិនី ដួងឌីណា ហើយគ្រូបង្វឹក គ្រូជំនួយចំនួន៣នាក់៕ដោយ៖លី ភីលីព

Most Popular

To Top