បច្ចេកវិទ្យា

ទីបំផុតពាក្យសម្ដី របស់ Steve Jobs ពិតជាត្រឹមត្រូវមែន!

វិល​ត្រឡប់​ទៅ​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ ២០១០ លោក Steve Jobs ធ្លាប់​បាន​ធ្វើ​ការ​រិះគន់​ចំៗ​លើ​ Adobe Flash នៅ​ពេល​ឆ្លើយ​តប​នឹង​សំនួរ​ដែល​សួរ​ថា​ហេតុ​អ្វី​លើ iPhone និង iPad មិន​មាន​ដំឡើង Adobe Flash នេះ។

នៅ​ពេល​នោះ​លោក Steve Jobs ដែល​នៅ​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Apple បាន​និយាយ​ថា​ Adobe Flash ​ជា​កម្មវិធី​មួយ​ដែល​ប្រើ​ប្រាស់​កម្លាំង CPU ច្រើន, ​សម្បូរ​ទៅ​ដោយ​​ចន្លោះ​ប្រហោង និង​គាំង​ខ្លាំង​ផង​ដែរ។ បន្ថែម​ពី​នេះ​ តាម​ការ​ធ្វើ​តេស្ត​លើ iPad ឃើញ​ថា Adobe Flash ស៊ី​ថាមពល​ថ្ម​ច្រើន។

យ៉ាងណាក្ដី Google ឯណោះ​វិញ បាន​ស្វាគមន៍ Adobe Flash លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android របស់​ខ្លួន។ មាន​អ្នក​ប្រើ​ប្រាស់ Android ខ្លះ​ក៏​បាន​គាំទ្រ​នឹង​ការ​លើក​ឡើង​របស់​លោក Steve Jobs អំពី Adobe Flash ដែល​ចុង​ក្រោយ​ Adobe ក៏​សម្រេច​ចិត្ត​បញ្ឈប់​ការ​គាំទ្រ​ Flash ប្រភេទ Mobile ក្នុង​ឆ្នាំ ២០១២។

នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ​ឆ្នាំ ២០២០ នេះ​ដែរ គឺ​ជា​ថ្ងៃ​ចុង​ក្រោយ​ដែល Adobe នឹង​ផ្ដល់​ការ​គាំទ្រ​​សម្រាប់ Flash Player ទាំង​ស្រុង​តែ​ម្ដង មិន​ថា​នៅ​លើ Mobile ឬ​លើ​​កុំព្យូទ័រ​នោះ​ទេ។ នេះ​ស​បញ្ជាក់​ថា​លោក Steve Jobs បាន​​និយាយ​ត្រូវ​​​​ថា​ HTML5 ​នឹង​ចូល​មក​ជំនួស Adobe Flash៕​​

ប្រភព៖sabay

Most Popular

To Top