បរទេស៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអាទិត្យកន្លងទៅថា នាវាផ្ទុកយន្តហោះ USS Nimitz និងក្រុមវាយប្រហាររបស់វា នៅបន្តវត្តមាននៅក្នុងតំបន់មជ្ឈិមបូព៌ា ដើម្បីទប់ទល់នឹងការគម្រាមកំហែងពីអ៊ីរ៉ង់ ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីមានការបញ្ជាឲ្យវិលត្រឡប់ទៅផែក្នុងប្រទេសវិញ ក្រោយធ្វើប្រតិបត្តិការអស់រយៈពេល១០ខែ។
រដ្ឋមន្ត្រីការពារជាតិស្តីទីសហរដ្ឋអាមេរិក លោក Christopher Miller បានប្រកាសពីការបន្តវត្តមាននេះ នៅថ្ងៃអាទិត្យ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយនិយាយថា នាវាផ្ទុកយន្តហោះនោះ នៅក្នុងពេលបច្ចុប្បន្ននេះ នឹងនៅតែបន្តវត្តមាននៅក្នុងតំបន់ប្រតិបត្តិការរបស់ទីបញ្ជាការកណ្ដាលសហរដ្ឋអាមេរិក ដែលមានទំហំជាង៤លានម៉ាយការ៉េ និង២០ប្រទេស ដោយរួមទាំងអ៊ីរ៉ង់ផង។
នៅក្នុងសេចក្តីថ្លែងការណ៍នោះ លោករដ្ឋមន្ត្រីការពារជាតិស្តីទីសហរដ្ឋអាមេរិករូបនោះ បានមានប្រសាសន៍យ៉ាងដូច្នេះថា “ដោយសារតែការគម្រាមកំហែងថ្មីៗនេះ ធ្វើឡើងដោយថ្នាក់ដឹកនាំអ៊ីរ៉ង់ ប្រឆាំងនឹងលោកប្រធានាធិបតី ត្រាំ និងមន្ត្រីសហរដ្ឋអាមេរិកផ្សេងទៀតនោះ ខ្ញុំទើបបានបញ្ជាឲ្យនាវាផ្ទុកយន្តហោះ USS Nimitz ផ្អាកការដាក់ពង្រាយជាថ្មី ហើយគ្មានអ្នកណាម្នាក់ គួរតែមានមន្ទិលសង្ស័យអំពីដំណោះស្រាយរបស់សហរដ្ឋអាមេរិកនោះទេ”៕ ប្រែសម្រួល៖ប៉ាង កុង