បច្ចេកវិទ្យា

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល មានបំណងទិញយន្តហោះចម្បាំង F-35 មួយកងថែមទៀត

បរទេស៖រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសអ៊ីស្រាអែល បាននិយាយនៅថ្ងៃចន្ទនេះថា លោកចង់ឲ្យប្រទេសលោកទិញកងទី៣នៃយន្តហោះចម្បាំងបំបាំងកាយ F-35 ពីសហរដ្ឋអាមេរិក និងថា លោកសង្ឃឹមថា កិច្ចព្រមព្រៀងមួយអាចនឹងត្រូវបានបញ្ជាក់ នៅមុនពេលលោកប្រធានាធិបតី ដូណាល់ ត្រាំ ចាកចេញពីតំណែង នៅថ្ងៃទី២០ ខែមករាខាងមុខនេះ។

ប្រទេសអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ កំពុងតែពិភាក្សាគ្នាជាមួយទីក្រុងវ៉ាស៊ីនតោន ស្តីពីវិធីរក្សាអត្ថប្រយោជន៍យោធារបស់ខ្លួន ក្រោយរដ្ឋបាលលោក ត្រាំ បានអនុម័តលក់យន្តហោះចម្បាំង F-35 ទៅឲ្យសហភាពអារ៉ាប់រួម កាលពីឆ្នាំមិញនេះ។ យន្តហោះចម្បាំងនេះ ពីមុនមក នៅក្នុងតំបន់មជ្ឈិមបូព៌ា គឺមានចំពោះតែអ៊ីស្រាអែលប៉ុណ្ណោះ។

លោករដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Benny Gantz បានមានប្រសាសន៍ប្រាប់ទូរទស្សន៍ Ynet យ៉ាងដូច្នេះថា “ដោយគ្មានមន្ទិលសង្ស័យនោះ យើងចាំបាច់ត្រូវតែពង្រីកកងយន្តហោះចម្បាំង F-35។ នៅក្នុងពេលបច្ចុប្បន្ននេះ យើងមានយន្តហោះពីរកង ហើយខ្ញុំគិតថា យើងនឹងពង្រីក (កងយន្តហោះ) នោះ។ នោះជាអ្វីដែលខ្ញុំបានស្នើសុំចំពោះអាមេរិក”៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top