ភ្នំពេញៈ កម្ពុជាគឺជាប្រទេស មានសេដ្ឋកិច្ចកំពុងរីកចម្រើន ដែលបានបង្ហាញពីកំនើនសេដ្ឋកិច្ចខ្ពស់រង្វង់៧ភាគរយ ក្នុងរយៈពេលពីទស្សវត្តចុងក្រោយ ខណៈប្រហែលពាក់កណ្តាល នៃប្រជាជនមានអាយុក្រោម ២៥ឆ្នាំ ហើយកំណើនសេដ្ឋកិច្ច ត្រូវបានរំពឹងទុកថា នឹងកើនឡើងជាបន្តបន្ទាប់។
ប្រតិបត្តិការភាគច្រើន ត្រូវបានធ្វើឡើង តាមរយៈប្រាក់ដុល្លារអាមេរិក មិនមែនរូបិយប័ណ្ណក្នុងស្រុកទេ ដូច្នេះហានិភ័យ នៃការផ្លាស់ប្តូរប្រាក់មានតិចតួច។
គម្រោងវិនិយោគ ដែលត្រូវបានអនុម័ត ដោយរដ្ឋាភិបាលកម្ពុជា ត្រូវបានរួចផុតពីពន្ធសាជីវកម្ម និងពន្ធនាំចូលសម្រាប់វត្ថុធាតុដើម និងគ្រឿងបរិក្ខារសម្រាប់រយៈពេល៩ឆ្នាំ។ នោះហើយជាមូលហេតុដែលប្រទេសកម្ពុជា ត្រូវបានគេចាត់ទុកថា ជាទិសដៅវិនិយោគដ៏ទាក់ទាញមួយ។
ផលិតផលក្នុងស្រុកសរុប សម្រាប់មនុស្សម្នាក់ របស់ប្រទេសកម្ពុជា មានចំនួន១៦០០ដុល្លារក្នុង២០២០ ហើយរំពឹងទុកថា នឹងកើនឡើងដល់ ១៧៧១ក្នុងឆ្នាំ២០២១ ។ ប្រទេសនេះ មានភាពទាក់ទាញខាងវប្បធម៌ល្បីៗ នៅលើពិភពលោកដូចជា ប្រាសាទអង្គរវត្ត ធនធានកម្លាំងពលកម្មច្រើន និងគោលនយោបាយមិត្តភាព ឆ្ពោះទៅរកការវិនិយោគបរទេស។
អរគុណចំពោះគុណសម្បត្តិទាំងនេះ ដែលបានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា បានកើនឡើងច្រើនជាង ៧ភាគរយក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ។
នៅប្រទេសកម្ពុជា កម្រិតប្រាក់ឈ្នួលមានកម្រិតទាប ដែលជាចំណុចខ្លាំងមួយទៀត។ កាលពីឆ្នាំមុន ប្រាក់ឈ្នួលអប្បបរមាប្រចាំខែ នៅក្នុងវិស័យកាត់ដេរ របស់ប្រទេសនេះមានចំនួន ១៨២ដុល្លារអាមេរិក ដែលស្មើនឹង ៦០ភាគរយ នៃប្រាក់ឈ្នួលរបស់ប្រទេសថៃ ដែលនៅជិតខាង។ ដោយមានកម្លាំងពលកម្មវ័យក្មេង និងសម្បូរបែប ប្រទេសកម្ពុជាមានអត្រា ចូលរួមកម្លាំងខ្ពស់បំផុតនៅក្នុងអាស៊ាន។
អ្វីដែលប្រសើរជាងនេះ ប្រទេសកម្ពុជាគឺជាប្រទេសមួយ ដែលទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធអនុគ្រោះពន្ធទូទៅ។ ក្រោមប្រព័ន្ធអនុគ្រោះពន្ធនេះ ទំនិញដែលនាំចូលពីប្រទេសកំពុងអភិវឌ្ឍន៍ដូចជាកម្ពុជា ត្រូវបានផ្តល់ការកាត់បន្ថយ ឬគ្មានអត្រាពន្ធ។
ដូច្នេះ ប្រទេសកម្ពុជាអាចទទួលបានអត្ថប្រយោជន៍ ពន្ធគយនៅពេលនាំចេញផលិតផលទៅសហរដ្ឋអាមេរិកសហភាព អឺរ៉ុប និងជប៉ុន។ គ្មានអ្វីប្លែកទេដែលប្រទេសកម្ពុជាត្រូវបានគេហៅថា “គុជដែលលាក់ខ្លួននៅអាស៊ីអាគ្នេយ៍” ។
ការនាំចេញរបស់ប្រទេសកម្ពុជា ត្រូវបានរំពឹងថា នឹងទទួលបានផលចំណេញ ដោយសារការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងដ៏ធំមួយ ដែលប្រទេសចំនួន១៥ នៅអាស៊ីប៉ាស៊ីហ្វិកចូលរួម ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងហាណូយ កាលពីពាក់កណ្តាលខែវិច្ឆិកា។
នៅឆ្នាំ២០២១នេះ មានរឿងវិជ្ជមានជាច្រើនសំរាប់កម្ពុជា ទាំងការអនុវត្តន៍ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន ការអនុវត្តកិច្ចព្រមព្រៀង RCEP ការអនុវត្តកិច្ចព្រមព្រៀងលើកលែងពន្ឋ (GSP) ពីអង់គ្លេសដល់កម្ពុជា ដែលនឹងធ្វើឲ្យកំណើន នៃការនាំចេញកម្ពុជាកើនឡើង។
ការវិនិយោគនៅកម្ពុជា កាន់តែទាក់ទាញច្រើនថែមទៀត ដោយក្រុមហ៊ុនចិន អាមេរិក ជប៉ុន កូរ៉េជាដើមនឹងចូលមកវិនិយោគនៅកម្ពុជា ដើម្បីនាំចេញដោយរួចពន្ឋ។
ប្រទេសហត្ថលេខីទាំង១៥ មានចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី នូវែលហ្សេឡង់ និងប្រទេសជាសមាជិកអាស៊ានទាំង១០ ដូចជាប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។
RCEP ត្រូវបានចាត់ទុកថា ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំបំផុត នៅលើពិភពលោក ដែលគ្របដណ្តប់ជិតមួយភាគបី នៃចំនួនប្រជាជនពិភពលោក និងប្រហែល៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP ត្រូវបានរំពឹងថានឹងជួយជំរុញពាណិជ្ជកម្មក្នុងតំបន់ ដែលធ្វើឱ្យការនាំចេញរបស់កម្ពុជាទទួលបានផលប្រយោជន៍។
អ្នកវិភាគបាននិយាយថា ច្បាប់វិនិយោគដែលបាន និងកំពុងធ្វើសមាហរណកម្ម គោលនយោបាយពន្ឋលើកទឹកចិត្តដល់អ្នកវិនិយោគអន្តរជាតិ ការលើកទឹកចិត្ត ដោយឲ្យជនបរទេសអាចមានសិទ្ឋបោះទុន ១០០ភាគរយនៅកម្ពុជា ការបង្កើតច្បាប់សហកម្មសិទ្ធិ និងកត្តារួមផ្សំដទៃទៀត សុទ្ឋតែមានចំណែកក្នុងការទាក់ទាញ និងរុញកម្ពុជាឲ្យរំកិលឈានឡើងពីទាសភាព មករកឧត្តមភាព និងសម្រេចវិបុលភាព សំរាប់កម្ពុជានាពេលអនាគត។
អ្នកវិភាគបានបន្ថែមថា “ប្រសិនជាគ្មានការដាក់ចេញ នូវគោលនយោបាយ ផែនការយុទ្ឋសាស្ត្រ និងចក្ខុវិស័យច្បាស់លាស់ ពីប្រមុខរដ្ឋាភិបាលកម្ពុជាទេ កម្ពុជានឹងមិនអាច ងើបឡើងលឿនបែបនេះទេ” ៕ ប្រភព៖ propertyarea.asia