បរទេស ៖ ទីបញ្ជាការសហរដ្ឋអាមេរិក ប្រចាំនៅតំបន់អាហ្វ្រិក បានធ្វើការប្រកាសថា ការវាយប្រហារ តាមអាកាសរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសសូម៉ាលី បានផ្តាច់យកអាយុជីវិត សមាជិក៣រូប របស់ក្រុមជ្រុលនិយមអាល់សាបាប និងបានកម្ទេចអគារចំនួន៦ នៅក្នុងបរិវេណរបស់ពួកគេ ។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា ការវាយប្រហារតាមអាកាសចំនួនពីរ កាលពីថ្ងៃសុក្រសប្ដាហ៍មុននោះ បានវាយប្រហារលើទីតាំងពួកអាល់សាបាបមួយកន្លែង នៅជិតទីក្រុង Qunyo Barrow ស្ថិតនៅលើតំបន់ឆ្នេរភាគខាងត្បូងរបស់ប្រទេសសូម៉ាលី។
ទីបញ្ជាការសហរដ្ឋអាមេរិកប្រចាំ នៅតំបន់អាហ្រ្វិក បាននិយាយក្នុងសេចក្តីថ្លែង ការណ៍មួយដូច្នេះថា “ការវាយតម្លៃបច្ចុប្បន្ននេះ បង្ហាញថា ការវាយប្រហារនោះ បានសម្លាប់សមាជិកពួកអាល់ សាបាប៣នាក់និងរបួស១នាក់ ព្រមទាំងកម្ទេចអគារ៦ និងធ្វើឲ្យខូចខាតអគារមួយក្នុងបរិវេណ របស់ពួកអាល់សាបាប ។ ការវាយតម្លៃបឋម របស់ទីបញ្ជាការ គឺថា ជាលទ្ធផលនៃប្រតិបត្តិការនោះ គ្មានជនស៊ីវិលណាម្នាក់ បានរងរបួស ឬក៏ស្លាប់បាត់បង់ជីវិតនោះទេ”៕
ប្រែសម្រួល៖ប៉ាង កុង