បរទេស ៖ ក្រសួងការពារជាតិ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ បានរាយការណ៍ពីកំណើន ករណីឆ្លងជម្ងឺកូវីដ១៩ ចំនួន៧.១៥០ករណី ក្នុងរយៈពេលមួយ សប្ដាហ៍កន្លងទៅ ហើយស្ថិតិបានបង្ហាញថា មានករណីឆ្លងសរុប១៦៩.៩១៤ នៅក្នុងចំណោមបុគ្គលិកយោធានិងស៊ីវិល មនុស្សនៅក្នុងបន្ទុកនិងក្រុមហ៊ុននានា ។
ស្ថិតិនេះ តាមសេចក្តីរាយការណ៍ គឺប្រៀបធៀបទៅនឹង ករណីឆ្លងសរុបចំនួន១៦២.៧៦៤ ដែលរាយការណ៍កាលពីសប្ដាហ៍មុន និងការកើនឡើងពីចំនួន១២០.៣៩៨ករណី នៅដើមខែធ្នូ ហើយតួលេខ ដែលបានប្រកាសនៅថ្ងៃចន្ទនោះ រួមមានទាំងការស្លាប់ចំនួន១៨៣ករណី និងអ្នកជាសះស្បើយវិញចំនួន១០៧.២៨៥នាក់ផង ។
តាមការចេញផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា ក្រសួងកិច្ចការអតីតយុទ្ធជន បានរាយការណ៍ពីករណី មេរោគកូរ៉ូណាចំនួន១៦០.០១៣ករណី នៅក្នុងចំណោមទាហានជើងចាស់ កាលពីថ្ងៃចន្ទ និងការស្លាប់ចំនួន៦.៧៧២នាក់ បណ្ដាលមកពីការឆ្លងមេរោគថ្មី៕
ប្រែសម្រួល៖ប៉ាង កុង