អគ្គស្នងការប៉ូលិសជាតិហ្វីលីពីន (PNP) ឧត្តមសេនីយ៍ Debold Sinas បានព្រមានបុរស ៨នាក់ក្នុងចំណោម ១១ នាក់ ដែលចូលរួមក្នុងពិធីជប់លៀងឆ្នាំថ្មី ជាមួយអ្នកបម្រើលើយន្តហោះនាង Christine Angelica Dacera នៅឯសណ្ឋាគារ Makati City ឲ្យចូលខ្លួនសារភាព ក្នុងរយៈពេល៧២ម៉ោង។
បុរស ៣នាក់ក្នុងចំនោម ១១នាក់ ដែលរងការចោទប្រកាន់ដំបូង ពីបទរំលោភសេពសន្ថវៈ និងមនុស្សឃាត ត្រូវបានប៉ូលិសឃាត់ខ្លួនជាបន្តបន្ទាប់ ហើយអ្នកដែលនៅសល់គេចខ្លួន ក៏ប៉ូលិសស្គាល់អត្តសញ្ញាណអស់ហើយដែរ។ ឧត្តមសេនីយ៍ Debold Sinas បានព្រមានថា បើមិនចូលសារភាពអ្នកទាំងនោះអាចត្រូវបាញ់ចោល ក្នុងបេសកកម្មតាមប្រមាញ់ របស់ប៉ូលិសក៏ថាបាន។
Debold Sinas បានធានាដល់ក្រុមគ្រួសាររបស់ Dacera ថាយុត្តិធម៌នឹងផ្ដល់ឲ្យ១០០% ដល់នារីបម្រើលើយន្តហោះ ដែលមានអាយុ ២៣ ឆ្នាំ។ Dacera ត្រូវបានគេរកឃើញសន្លប់ ក្នុងអាងងូតទឹកមួយក្នុងបន្ទប់សណ្ឋាគារថ្ងៃឆ្លងឆ្នាំ។ នាងត្រូវបានមិត្តភក្ដិបីនាក់ និងបុគ្គលិកសណ្ឋាគារដឹកទៅកាន់មន្ទីរពេទ្យជាកន្លែង ដែលនាងត្រូវបានគេអះអាងថា ស្លាប់ដោយការដាច់សរសៃឈាមខួរក្បាល។
ការចោទប្រកាន់ដំបូង ពីបទរំលោភសេពសន្ថវៈ និងមនុស្សឃាតត្រូវប៉ូលិសទីក្រុងម៉ាធីធី ដាក់ការសង្ស័យលើបុរសចំនួន ១១នាក់ ដែលបាននៅជាមួយ Dacera នៅក្នុងបន្ទប់សណ្ឋាគារ ប៉ុន្តែពេលនេះគឺត្រូវរង់ចាំ ការធ្វើកោសល្យវិច័យសាកសព ជាមុនសិន៕ ប្រភព៖ sabay