កីឡា

ការប្រកួតកីឡា ឡើងភ្នំជ្រើសរើសជើងឯក ថ្នាក់ជាតិ២០២០ នៅខេត្តសៀមរាប បញ្ចប់ជាស្ថាពរ

ខេត្តសៀមរាប ៖ លោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋាន អប់រំកាយ និងកីឡា និងអនុប្រធានសហព័ន្ធកីឡា ឡើងភ្នំកម្ពុជា លោក ម៉ម សុថារិន្ទ ប្រធានសហព័ន្ធកីឡា ឡើងភ្នំកម្ពុជា បានអញ្ជើងចូលរួមពិធីបិទ ព្រឹត្តិការណ៍ការប្រកួតកីឡា ឡើងភ្នំជ្រើសរើសជើងឯក ថ្នាក់ជាតិ២០២០ ជាផ្លូវការនាលល្ងាចថ្ងៃទី៦ ខែមករា ឆ្នាំ២០២១នៅលើទឹកដីអង្គរវត្ត ខេត្តសៀមរាប នៅទីលានឡើងភ្នំ របស់សហព័ន្ធកីឡាឡើងភ្នំកម្ពុជា ។

លោក ទុយ ប៊ុនធឿន បានប្រាប់ឲ្យដឹថា ឆ្លងតាមការប្រកួតអស់ជាច្រើនថ្ងៃ ដោយឈរលើស្មារតីចេះអធ្យាស្រ័យគ្នា ទៅវិញទៅមក មិត្តភាព សាមគ្គីភាព បានប្រកាន់ខ្ជាប់ខ្លួន នូវគោលការណ៍បញ្ញាតិ និង គោលការណ៍បច្ចេកទេស ក្នុងការប្រកួត ធ្វើឱ្យការប្រកួតទទួលបានជោគជ័យ ។
លទ្ធផលបច្ចេកទេស ដែលទទួលបានគណៈកម្មការចាត់តាំងកម្មវិធី នឹងប្រកាសជម្រាបជូន នៅពេលប្រកាសជ័យលាភី ។
លោកបានបន្តថា ដោយមានជួយពីក្រុមហ៊ុនឯកជន តែងតែបានយកចិត្តទុកដាក់ចូលរួមឧបត្ថម្ភ នូវសម្ភារថវិកាក្នុងការហ្វឹកហាត់ របស់កីឡាករ ការប្រកួតផ្សេងៗ ក៏ដូចជាការជួយឧបត្ថម្ភទៅ លើកីឡាករ-កីឡាការិនី ទៅចូលរួមប្រកួតនៅក្រៅប្រទេស ។

ការប្រកួតកីឡាឡើងភ្នំជ្រើសរើសជើងឯក ថ្នាក់ជាតិ២០២០ សហព័ន្ធបានដាក់វិញ្ញាសា ១៨ រួមមានអាយុក្រោម១៥ឆ្នាំបុស នារី ៦វិញ្ញាសា អាយុក្រោម១៩ ឆ្នាំបុរស នារី ៦វិញ្ញាសា និង អាយុ១៩ឆ្នាំឡើង បុរស នារី ៦វិញ្ញាសា ។ ការប្រកួតក្លិបចូលរួមចំនួន១០ កីឡាករ៤០នាក់ កីឡាការិនី ៣២នាក់ សរុប ៧២នាក់ ហើយការប្រកួតដោយមានការ គាំទ្រថវិកា ដោយក្រសួងអប់រំយុវជន និង កីឡា ។

ចំពោះការប្រយុទ្ធប្រឆាំងនិងការឆ្លងជំងឺCOVID-19 ដោយអនុត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល រក្សាគម្លាតនៅឆ្ងាយពីគ្នា ១,៥ម៉ែត្រពីគ្នា ហើយមុនចូលក្នុងទីលានប្រកួត ត្រូវវាស់កំដៅ ពាក់ម៉ាស់ និងបាញ់អាល់កុល ទើបអនុញ្ញាតឲ្យចូលរួមការប្រកួតបាន ៕
ដោយ៖លី ភីលីព

Most Popular

To Top